អបអរសាទរ !! ផ្លូវថ្មើរជើងក្រោមដីដំបូងគេនៅខេត្តព្រះសីហនុ លេចរូបរាង នឹងរួចរាល់នៅចុងខែឧសភានេះ
ផ្លូវក្រោមដីថ្មើរជើងចំនួន ២ កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅខេត្តព្រះសីហនុ កំពុងសម្រុកស្ថាបនា គ្រោងបញ្ចប់នៅចុងខែឧសភានេះ។
ផ្លូវថ្មើរជើងក្រោមដីទាំងពីរខ្សែ មួយកន្លែងស្ថិតនៅចំពីមុខវិទ្យាល័យ ហ៊ុនសែន ឃ្លាំងលើ និងមួយកន្លែងទៀតស្ថិតនៅទីប្រជុំជនរោងចក្រ ដែលខ្សែនីមួយៗមានប្រវែង ៥៣ម៉ែត្រ ទទឹង៧ម៉ែត្រ និងកម្ពស់ ៣,២ម៉េត្រ។
ឧត្ដមសេនីយ៍ទោ វង់ សំអាត មេបញ្ជាការរង កងកម្លាំងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ផ្លូវថ្មើរជើងក្រោមដីចំនួន២កន្លែងនេះ ធ្វើឡើងសម្រាប់សម្រួលការធ្វើដំណើរ បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចឲ្យសិស្សានុសិស្ស កម្មករ កម្មការិនីឆ្លងកាត់ផ្លូវប្រកដោយសុវត្ថិភាព។ ថ្មើរជើងក្រោមដីនេះ ក្រៅពីសម្រាប់ដើរហើយនោះ ក៏មានផ្លូវសម្រាប់ឲ្យប្រជាពលរដ្ឋបណ្ដើរកង់ និងម៉ូតូឆ្លងកាត់បានផងដែរ។
នៅចំណុចផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៦+០០ ដល់ ២២២+៧០០ មានការសាងសង់ផ្លូវក្រោមដី២កន្លែង សម្រាប់ប្រជាជនឆ្លងកាត់ ពោលគឺមិនធ្វើស្ពានអាកាសដូចនៅរាជធានីភ្នំពេញ និងខេត្តផ្សេងទៀតនោះទេ។
ឧត្ដមសេនីយ៍ទោ វង់ សំអាត បានបញ្ជាក់ថា ការសាងសង់ផ្លូវថ្មើរជើងក្រោមដីនេះ បានចាប់ផ្ដើមសាងសង់កាលពីដើមខែវិច្ឆិកា។ ផ្លូវនេះមានប្រវែង២៩ម៉ែត្រ ទទឹង ៧ម៉ែត្រ និងកម្ពស់ប្រហែលជាង៣ម៉ែត្រ ដែលមានជណ្តើរឡើង មានប្រព័ន្ធបូមទឹកចេញ មានកង្ហារសម្រាប់បញ្ជូនខ្យល់ចូលនិងមានប្រព័ន្ធភ្លើងបំភ្លឺផងដែរ។
ក្រៅពីសមិទ្ធិផលផ្លូវថ្មើរជើងក្រោមដីទាំង២កន្លែងនេះ ក៏មានការស្ថាបនាពង្រីកផ្លូវជាតិលេខ៤ ចន្លោះពីគីឡូម៉ែត្រ២១៦-០០ ដល់គីឡូម៉ែត្រលេខ២២២-៧០០ មានប្រវែង ៦,៧០០ម៉ែត្រ ទទឹង ២៩ម៉ែត្រ ដែលនឹងកែប្រែមុខមាត់ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍលូតលាស់ ក្លាយជាទីក្រុងទំនើបនៅជាប់សមុទ្រ៕
Comments are closed, but trackbacks and pingbacks are open.