អុញនោះ!! អាជ្ញាធររាជធានីភ្នំពេញ ទុកពេល១សប្ដាហ៍ ឲ្យម្ចាស់ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ រុះរើចេញ…
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ
នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល ០១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្ដីជូនដំណឹងនេះតទៅ។ ហើយបើផុតរយៈពេលនេះ នឹងចាត់វិធានការដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរីងរូសនឹងកសាងសំណុំរឿងបញ្ចូនទៅតុលាការតាមផ្លូវច្បាប់តែម្ដង។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ព្រោះកន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ ដែលបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី
មានចរន្ដទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាជនដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ៕
Comments are closed, but trackbacks and pingbacks are open.