គួរឲខ្លាចមែន!! វីរុសកូវីដ១៩បំប្លែងខ្លួន៣២ដងក្នុងខ្លួនស្ត្រីម្នាក់ដែលផ្ទុកជំងឺអេដស៍ និងវីរុសកូវីដ១៩ ជាង៧ខែ
(អាហ្វ្រិក)៖ នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលកាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១នេះ សារព័ត៌មាន SCMP បានចេញផ្សាយអំពីករណីស្ត្រីជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ដែលមានវ័យ៣៦ ឆ្នាំ គាត់បានផ្ទុកជំងឺអេដស៍ផង ហើយគាត់ក៏បានឆ្លងជំងឺកូវីដ១៩ ផងដែរ។
ប៉ុន្តែអ្វីដែលមិនគួរជឿនោះគេរកឃើញថា ជំងឺកូវីដ១៩ នៅក្នុងខ្លួនរបស់ស្ត្រីម្នាក់នេះ គឺបានធ្វើការបំប្លែងខ្លួនរហូតដល់ទៅ៣២ ដង ហើយជំងឺកូវីដ១៩ នេះ បានរស់នៅក្នុងខ្លួនរបស់ស្ត្រីម្នាក់នោះបានរហូតដល់ទៅ២១៦ថ្ងៃ ឬស្មើនឹងរយៈពេល ០៧ខែឯនោះ។ ប៉ុន្តែបើតាមការបញ្ជាក់ឱ្យដឹងពីសារព័ត៌មាន Los Angeles Times គឺគេមិនប្រាកដថាវីរុសកូវីដ១៩ ដែលផ្ទុកនៅក្នុងខ្លួនស្ត្រីម្នាក់នេះ បានឆ្លងទៅកាន់អ្នកផ្សេងទៀតឬក៏អត់នោះទេ។
ទន្ទឹមនឹងនេះដែរ ប្រសិនបើគេរកឃើញករណីបែបនេះកាន់តែច្រើនឡើងច្រើនឡើង នោះគេនឹងធ្វើការសន្និដ្ឋានថា ជំងឺអេដស៍ អាចជាប្រភពនៃការបង្កើតវីរុសបំប្លែងថ្មីផងដែរ ព្រោះអ្នកដែលផ្ទុកជំងឺអេដស៍គឺហាក់មានប្រព័ន្ធភាពស៊ាំសមជាមួយវីរុសកូវីដ ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំគាត់អាចទប់ទល់ជំងឺកូវីដ១៩ដែលនៅក្នុងខ្លួន បានយូរជាងមនុស្សធម្មតាផងដែរ។
អ្នកវិទ្យាសាស្ត្រពិសោធន៍ អាចរកឃើញករណីនេះ ដោយសារតែស្ត្រីអាហ្វ្រិកខាងត្បូងវ័យ៣៦ឆ្នាំរូបនោះ បានចុះឈ្មោះក្នុងការសិក្សាស្រាវជ្រាវលើមនុស្សចំនួន ៣០០ នាក់ដែលមានផ្ទុកមេរោគអេដស៏ និងមើលទៅលើភាពស៊ាំរបស់ពួកគេចំពោះវីរុសកូវីដ១៩។ ជាចុងក្រោយ គេបានរកឃើញថាអ្នកផ្ទុកមេរោគអេដស៍ចំនួន ៤ នាក់ផ្សេងទៀត ដែលមានផ្ទុកវីរុសកូវីដ១៩នៅក្នុងខ្លួន គឺអាចផ្ទុកវីរុសមួយនេះបានយូររហូតដល់ទៅជាងមួយខែឯនោះ។
បើទោះបីជាយ៉ាងណាក៏ដោយ ករណីខាងលើនេះកំពុងតែស្ថិតនៅក្នុងករណីសង្ស័យ និងទាមទារឱ្យមានការតាមដានបន្តទៀត ហើយក៏មិនទាន់មានការប្រកាសទទួលស្គាល់ជាផ្លូវការពី WHO ថាតើវីរុសកូវីដ១៩នេះ ពិតជាកើតឡើងពីទំនាក់ទំនងជាមួយមេរោគអេដស៍ពិតមែនឬយ៉ាងណានៅឡើយនោះទេ ព្រោះវាកំពុងតែស្ថិតនៅក្នុងករណីសង្ស័យ និងការសិក្សាបន្ថែមនៅឡើយ៕ប្រភព: Business Cambodia
Comments are closed, but trackbacks and pingbacks are open.