ក្ដៅ!! អភិបាលខណ្ឌឬស្សីកែវ ចុះរដ្ឋបាលតាមដងទន្លេសាប មុនឱសានវាតរបស់សាលារាជធានី
លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ ដឹកនាំមន្ត្រីចម្រុះចុះរដ្ឋបាលតាមដងទន្លេសាប មុនឱសានវាតនៃសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញមកដល់ ដែលឲ្យពលរដ្ឋរស់នៅលើបែចិញ្ចឹមត្រីនិងសំណង់មិនរៀបរយនៅតាមដងទន្លេ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ រុះរើចេញ ។
ការចុះរដ្ឋបាលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅតាមដងទន្លេសាប ចាប់ពីស្ពានជ្រោយចង្វារ ដល់ស្ពានលីយ៉ុងផាត់ ក្នុងទឹកដីខណ្ឌឫស្សីកែវ ។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី៦ ខែមិថុនាថា យើងចុះរដ្ឋបាលពេលនេះ គឺតាមស្មារតីសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២ខែមិថុនា ឆ្នាំ២០២១ ដែលជូនដំណឹងឲ្យពលរដ្ឋរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេនៅភូមិសាស្ត្ររាជធានីភ្នំពេញ ដែលតម្រូវឲ្យចេញឲ្យអស់ដោយទុករយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២ ខែមិថុនាតទៅ ។ លោកបន្តថា ការសម្រេចបែបនេះ គឺដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់ភាពអសកម្មនានា ។
សូមបញ្ជាក់ថា កាលពីទី២ ខែមិថុនា ឆ្មាំ២០២១ សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងឲ្យពលរដ្ឋដែលរស់នៅតាមដងទន្លេសាប រុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេនៅភូមិសាស្ត្ររាជធានីភ្នំពេញ ដែលតម្រូវឲ្យចេញឲ្យអស់ដោយទុករយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ណាមួយឡើយ ហើយបើមានករណីរឹងរូស អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូននទៅតុលាការចាត់ការតាមច្បាប់ ៕
Comments are closed, but trackbacks and pingbacks are open.