អស្ចារ្យណាស់ !! បែកធ្លាយទិដ្ឋភាពរោងចក្រចម្រាញ់រ៉ែមាសដំបូងរបស់កម្ពុជាដែលអាចផលិតមាសរហូតដល់ទៅ៣តោនក្នងមួយឆ្នាំ…
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីជោគជ័យលើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចប្រកាសឱ្យដំណើរការការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ។
ក្នុងសារលិខិតផ្ញើជូនជនរួមជាតិពីដំណឹងដ៏រីករាយនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុមហ៊ុនដែលអនុញ្ញាឱ្យធ្វើអាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី។ ក្រុមហ៊ុននេះ បានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ឆ្នាំមកហើយ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ការសិក្សាបានបង្ហាញថា រ៉ែមាសដែលក្រុមហ៊ុនបានសិក្សារួចមកនោះ គឺអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។
សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា មុននឹងឈានដល់ការទទួលបាននូវសមិទ្ធផលដ៏វិសេសវិសាលនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុនបានពុះពារក្នុងការសិក្សាស្រាវជ្រាវជម្រករ៉ែមាស ដើម្បីអាចឈានទៅដល់ការធ្វើអាជីវកម្មបាន ព្រោះត្រូវចំណាយពេលវេលានិងថវិកាជាច្រើន ហើយលំបាកនៅក្នុងការវាយតម្លៃលក្ខខណ្ឌ សេដ្ឋកិច្ចនិងបច្ចេកទេសអាជីវកម្មធនធានរ៉ែឱ្យត្រឹមត្រូវតាមនិយាមអន្តរជាតិ។
សម្តេចតេជោ បានឱ្យដឹងផងដែរថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។
សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចាប់ផ្តើមអាជីវកម្មរ៉ែមាសនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការខិតខំរបស់រាជរដ្ឋាភិបាលនាពេលកន្លងមកនៅក្នុងវិស័យរ៉ែពិតជាអាចទាញយកធនធានធម្មជាតិក្រោមដីមកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិយើងបានប្រកបដោយ ការទទួលខុសត្រូវខ្ពស់លើការការពារផលប្រយោជន៍បរិស្ថាន និងសង្គម។
ក្នុងសារលិខិតនេះ សម្តេចតេជោ បានក្រើនរំលឹកផងដែរថា មិនឱ្យមានការធ្វើអាជីវកម្មមិនមានវិជ្ជាជីវៈ រួមទាំងរ៉ែមាសលក្ខណៈគ្រួសារដែលប្រឈមនឹងគ្រោះថ្នាក់។
សម្តេចតេជោ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការដាក់ឱ្យដំណើរការឧស្សាហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឱ្យសាធារណជនទាំងឡាយចាប់យក របរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថាវាជាអាជីវកម្មដែលមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុន ច្រើននិងជំនាញពិតប្រាកដ។ អាជីវកម្មជាលក្ខណៈប្រពៃណី ដូចជាការរែង
ចម្រាញ់យកមាសដោយ ដៃជាលក្ខណៈគ្រួសារបានបាត់បង់ស្ទើរតែទាំងស្រុងទៅហើយ រីឯជម្រករ៉ែមាសដែលមានលក្ខណៈសមស្របសម្រាប់ការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារក៏ពុំមានច្រើនដែរ។ ទន្ទឹមនឹងនេះការធ្វើអាជីវកម្ម ទ្រង់ទ្រាយតូចៗបែបនេះ ក៏មិនអាចផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋបានដែរ ផ្ទុយទៅវិញអាជីវកម្ម ប្រភេទនេះបង្កនូវផលប៉ះពាល់បរិស្ថាននិងគ្រោះថ្នាក់ផ្សេងៗទៀតផង»។
សម្តេចតេជោ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋលះបង់នូវបំណងចង់ធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារឬជាលក្ខណៈខ្នាតតូចបន្តទៀតទៅ។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ដែរថា បណ្តាក្រុមហ៊ុនរ៉ែទាំងអស់ នឹងត្រូវជំរុញឱ្យប្រើប្រាស់គំរូនៃការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវដូចក្រុមហ៊ុនអូស្ត្រាលីនេះ នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការរបស់ខ្លួន៕
Comments are closed, but trackbacks and pingbacks are open.