ប្រណិតណាស់ មិនចាញ់បរទេសទេសហគមន៍ច្នៃវត្ថុប្រើប្រាស់ពីឫស្សី ១កំពុងសម្ងំវិវត្តន៍ខ្លួនយ៉ាងខ្លាំង ក្នុងខេត្តនេះ
ផលិផលកែច្នៃចេញពីបំពង់ឫស្សីស្នាដៃកូនខ្មែរ មិនចាញ់របស់បរទេសទេ ទាំងរូបរាងនិងសោភណ្ឌភាព។ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បន្តជួយប្រជាសហគមន៍ស្រុកកែវសីមាពីជំនាញធ្វើសិប្បកម្មឫស្សីឱ្យមានគុណភាព និងសោភ័ណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជួយបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ។
គម្រោងបណ្តុះបណ្តាលប្រជាសហគមន៍ឱ្យចេះកែច្នៃផលិតសម្ភារប្រើប្រាស់ដោយដៃធ្វើពីឫស្សីក្នុងស្រុកនេះ ដើម្បីឱ្យពួកគាត់អាចរកប្រាក់ចំណូលបាននិងកាត់បន្ថយការចូលព្រៃរុករកអនុផលព្រៃឈើនិងបរបាញ់សត្វព្រៃខុសច្បាប់ ខណៈការ បង្រៀននេះមានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID ក្រោមគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមាមានរយៈពេល ៣ឆ្នាំរហូតដល់ឆ្នាំ ២០២១។
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌បានឲ្យដឹងថា លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ នៃកម្មវិធីប្រទេសកម្ពុជា ហៅកាត់ថា (WCS) បានមានប្រសាសន៍ឱ្យដឹងថា តាមការសង្កេត ប្រជាសហគមន៍មានថ្វីដៃអាចផលិតបានហើយ ប៉ុន្តែមិនទាន់ល្អឥត ខ្ចោះនិងនៅមានកម្រិត ដោយក្រុមការងារជំនាញនៅតែពង្រឹងស្នាដៃនិងគុណភាពរបស់ពួកគាត់បន្តទៀតផងដែរ ។
លោកបានបន្តថា ការផលិតគឺមានការលំបាកនិងមិនទាន់ល្អឥតខ្ចោះ ដោយត្រូវការចំហុយឫស្សីមុននឹងយកទៅធ្វើការកែច្នៃ ការដាក់មុខតំណ ការលាបថ្នាំ និងបញ្ហាដុះផ្សិតទៅលើផលិតផលមួយចំនួន ដោយសារតែមិនប្រើប្រាស់សារធាតុគីមី ដើម្បីរម្ងាប់ពពួកបាក់តេរីផ្សេងៗនោះ ។
ក្រោយពីការណែនាំជំនាញជាមូលដ្ឋានមក យើងបានបណ្តុះបណ្តាលជាបន្តបន្ទាប់ទាក់ទងនឹងការច្នៃប្រឌិត ការកែលម្អផ្នែករចនាប័ទ្ម និងការធ្វើយ៉ាងណាឱ្យគុណភាពវត្ថុធាតុដើមមានគុណភាពខ្ពស់ អ៊ីចឹងមានការបណ្តុះបណ្តាលជាបន្តបន្ទាប់ ។ ការបណ្តុះបណ្តាលទៅលើការប្រមូលមតិ រិះគន់ស្ថាបនា ដើម្បីកែលម្អទៅលើគុណភាពដែលបានផលិត ដោយបានធ្វើជាបន្តបន្ទាប់និង ការបណ្តុះបណ្តាលទៅការកសាង ថ្នាលសម្រាប់បណ្តុះពូជឫស្សីនិងការដាំដុះ ដែលនេះជាការបណ្តុះបណ្តាលមួយចំនួនដែលបានធ្វើកន្លងមក។
លោកបានបន្តទៀតថា អង្គការក៏មានបំណងពង្រីកទៅភូមិផ្សេងៗទៀតផងដែរ ប៉ុន្តែអាស្រ័យលើការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលអង្គការកំពុងតែពិនិត្យលទ្ធភាពនៅលើសហគមន៍ផ្សេង ដែលមានធនធានឫស្សីនេះដែរ និងការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋ ។
លោកបានឱ្យដឹងទៀតថា ចំពោះទីផ្សារពុំមានបញ្ហាចោទនោះទេ ប៉ុន្តែបច្ចុប្បន្ននេះវិញខាងទេសចរណ៍មានមកទាក់ទងទិញច្រើន ហើយខាងសហគមន៍មិនអាចផ្គត់ផ្គង់បាន ដោយសារតែការផលិតនៅមានកម្រិត ខណៈដែលការផលិតបច្ចុប្បន្នសម្រាប់អ្នកទេសចរដែលបានដឹងតគ្នាប៉ុណ្ណោះ ។
គួរជម្រាបថា សិប្បកម្មផលិតសម្ភារប្រើប្រាស់ដោយដៃធ្វើពីឫស្សីក្នុងស្រុក មានដូចជា កំសៀវទឹក ប៉ាន់តែឈុត កាទឹកមានគម្រប កែវ ប្រអប់ដាក់ក្រដាស់ជូតមាត់ កាទឹកធំ កែវទៀនក្រអូប ស្មាព្យួអាវ បំពង់បំពងសំឡេងទូរស័ព្ទ កាទឹកតូច ពែង បំពង់ដាក់ប៊ិចខ្មៅដៃ សម្ភារផ្ទះបាយនិងថូផ្កា ជាដើម ៕
Comments are closed, but trackbacks and pingbacks are open.