ក្តៅៗ! លោកជំទាវ ឱ វណ្ណឌីន ព្រមានជាថ្មីពីវីរុស Delta ថាអាចនឹងឱ្យកម្ពុជាដើរហួសបន្ទាត់ក្រហម
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានព្រមានជាថ្មីពីវីរុសបំប្លែងថ្មី ដែលត្រូវបានរកឃើញជាបន្តបន្ទាប់ ហើយដែលអាចនឹងនាំឱ្យកម្ពុជាឈានហួសបន្ទាត់ក្រហម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មកម្ពុជា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ។
ក្នុងសារតាមរយៈបណ្តាញសង្គមធ្វីតធើ (Twitter) កាលពីរាត្រីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា ៖ «យើងបានរកឃើញវីរុសបំប្លែងថ្មីប្រភេទ ដែលតា ជាបន្តបន្ទាប់ ខណៈ អាល់ហ្វា វិញ បាននិងកំពុងចរាចរយ៉ាងសកម្មរួចទៅហើយ។
កាលពីម្សិលមានអ្នកស្លាប់ ២៧នាក់បន្ថែមទៀត ហើយបើសិនជាយើងនៅតែមិនខិតខំអនុវត្តវិធានការការពារទេនោះ សោកនាដកម្មនៃសុខភាពសាធារណៈ អាចនឹងកើតឡើងក្នុងពេលខាងមុខហើយ ហើយយើងក៏អាចនឹងប្រឈមនឹងការឆ្លងផុតបន្ទាត់ក្រហមផងដែរ»។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏សូមអំពាវនាវដ៏ទទូច សូមបងប្អូនចូលរួមអនុវត្តវិធានការការពារឱ្យបានទាំងអស់គ្នា។
សូមបញ្ជាក់ផងដែរថា លោកជំទាវ ឱ វណ្ណឌីន តែងតែព្រមានជារឿយៗ ពីគ្រោះថ្នាក់នៃការឆ្លងផុតបន្ទាត់ក្រហម ដែលអាចនឹងនាំឱ្យមានបញ្ហាធ្ងន់ធ្ងរជាងពេលនេះ និងការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ ដោយមិនដឹងប្រភពចម្លង និងមិនអាចគ្រប់គ្រងបាន ហើយករណីមរណភាពក៏នឹងកើនឡើងច្រើនជាងនេះ បើនិយាយពីការលំបាកវិញនឹងមានច្រើនជាងនេះរាប់មិនអស់នោះទេ ហើយនឹងបន្តនៅរយៈពេលយូរទៀត។
គួររម្លឹកផងដែរថា កាលពីថ្ងៃម្សិលមិញក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៧ករណី លើអ្នកដំណើរចូលមកកម្ពុជា នៅថ្ងៃទី០៧ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ ហើយជាសរុប មានការរកឃើញវីរុសដែលតានេះចំនួន ៧៥នាក់ហើយ ហើយមួយចំនួនក៏បានព្យាបាលជាសះស្បើយហើយដែរ ៕
Comments are closed, but trackbacks and pingbacks are open.