បង្កើនការប្រុងប្រយ័ត្ន! ចាប់ពីស្អែកនេះ កម្ពុជា នឹងទទួលឥទ្ធិពលពីមូសុងនិរតីខ្លាំង និងព្យុះលើកទី៧ សេមប៉ាកា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ ២៧ ខែកក្កដា ឆ្នាំ២០២១។ ដោយក្នុងនោះ ក្រសួងបញ្ជាក់ថា នៅសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពល៖
– ពីថ្ងៃទី ២១-២២ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីខ្លាំង, ប្រព័ន្ធសម្ពាធទាបភ្ជាប់និងព្យុះលើកទី៧ សេម៉ាកា (CEMPAKA)
– ពីថ្ងៃទី ២៣-២៧ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីកម្រិតខ្លាំង, ជ្រលងសម្ពាធទាបពីប្រទេសចិន និងប្រព័ន្ធសម្ពាធទាប។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C
– នឹងអាចមានភ្លៀងមធ្យមទៅបង្គរ លាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង ។ លើកលែងតែបណ្តាខេត្តនៅភាគខាងក្រោមនឹងអាចមានភ្លៀងធ្លាក់តិចទៅមធ្យម លាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង ។
២- បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមាមានពី ២២-២៥ °c
– សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
– អាចមានភ្លៀងពីកម្រិតបង្ហូរទៅច្រើន ផ្គរ រន្ទះតិចតួច លាយឡំនឹងខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំងពិសេស នៅតាមតំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក និងបណ្តាខេត្ត ដែលស្ថិតនៅតាមដងទន្លេមេគង្គ។
៣- តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៤°C
– សីតុណ្ហភាពអតិបរមា មានពី ២៥-២៨ °C
– អាចមានភ្លៀងពីកម្រិតបង្គរទៅច្រើន ផ្គរ រន្ទះបង្គរ លាយឡំនឹងខ្យល់កន្ត្រាក់ក្នុងលឿនខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។ ទន្ទឹមនោះលទ្ធភាពនៃជំនន់ទឹកភ្លៀង (Flash Flood) ក៏មានភាគរយខ្ពស់ផងដែរ។
អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជានេសាទបង្កើនការប្រុងប្រយ័ត្នខ្ពស់៕
Comments are closed, but trackbacks and pingbacks are open.