ឪពុកម្តាយដែលខំសាងភាពកក់ក្តៅសម្រាប់កូនៗ សុទ្ធតែប្រាថ្នាឃើញកូនប្រុសស្រីជាទីស្រលាញ់បានសុខកាយ សប្បាយចិត្ត និងអាចរស់នៅដោយសុភមង្គល។ ក្នុងសង្គមខ្មែរ វាអាចជារឿងដែលធ្វើឲ្យអ្នកមានគុណរងសម្ពាធ ព្រមទាំងពិបាកចិត្តជាខ្លាំង បើសិនជាដឹងថា កូនប្រុសស្រីដែលលោកបានបីបាច់ថែរក្សា និងថ្នាក់ថ្មមជាទីបំផុត ត្រូវរងនូវការឈឺចាប់មិនថាផ្លូវកាយ ឬផ្លូវចិត្ត។
ជាក់ស្តែងកូនស្រីទី ៧ ក្នុងគ្រួសារមួយដែលមានបងប្អូន ៨នាក់ មានទីលំនៅម្តុំផ្លូវចម្ការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបង្ហើបពីស្ថានភាពជីវិតខ្លួនដោយអះអាងថា ធ្លាប់ធ្វើឲ្យម្តាយស្រងាកចិត្តដែលត្រូវសំឡឹងមើលកូនស្រី វាយតប់ជាមួយគូប្រកួតលើសង្វៀន។ វាអាចជាសំណួរមួយដែលចោទឡើងថា «តើនារីណាខ្លះ ដែលសុខចិត្តលះបង់ពេលវេលា និងកម្លាំងកាយដើម្បីតស៊ូហាត់វាយតប់ជាមួយមនុស្ស ឬបាវសាក់ រហូតជាំមុខមាត់ ខូចសម្រស់ និងជួនកាលអាចប្រឈមនឹងពិការភាពលើសង្វៀនប្រកួត? ខណៈសំណួរខ្លះត្រូវបានគេលើកឡើងជារឿយៗមកកាន់នារីដែលប្រកបអាជីពជាអ្នកប្រដាល់ថា ហេតុអីមិនជ្រើសយកការងារផ្សេងពីនេះ?»។ផ្តើមរៀបរាប់ដោយបង្ហាញនូវស្នាមញញឹមផង និងភាពស្រងូតស្រងាត់ផង កញ្ញា នៅ ស្រីពៅ បានរំឭកថា ខ្លួនបានផ្លាស់ប្តូរអាជីពពីនារីរោងចក្រទៅជាកីឡាការិនីប្រដាល់។ ស្រីពៅបន្ថែមថា តាមពិតដំបូងឡើយ ពេលធ្វើជាកម្មការិនីរោងចក្រ នាងទទួលបាននូវបទពិសោធន៍មិនសប្បាយចិត្តខ្លះដោយសារការស្តីបន្ទោស និងប្រើសម្តីមិនសមរម្យមួយចំនួនពីកន្លែងការងារនោះ។ ក្រោយមកកញ្ញាមានគំនិតចង់ផ្លាស់ប្តូរការងារដោយជ្រើសរើសអ្វីមួយដែលធ្វើជាខ្លួនឯង។
អ្នកប្រដាល់ស្រីវ័យ ២៥ឆ្នាំរូបនេះបង្ហើបថា៖ «ខ្ញុំរៀនមិនបានខ្ពស់ រៀនបានត្រឹមថ្នាក់ទី៩។ ដើមឡើយខ្ញុំប្រកបការងារជាកម្មការិនីរោងចក្រ តែមានមានសម្ពាធរឿងគេស្តីបន្ទោសពេក។ អ៊ឹចឹងហើយខ្ញុំគិតចង់ធ្វើជាខ្លួនឯង ដោយចាប់អារម្មណ៍សាកហាត់ប្រដាល់ ទាំងដែលគ្រួសារខ្ញុំពុំមានឈាមជ័រជាអ្នកកីឡាសោះ»។
ស្រីពៅបន្ត៖ «ដំបូងឡើយដូចមិនចង់ហាត់ខ្លាំងណាស់ណាទេ ព្រោះខ្ញុំខ្លាចឈឺសាច់។ តែមានលោកពុកលើកទឹកចិត្ត ខ្ញុំគិតម្តងទៀតហើយសម្រេចចិត្តហាត់។ បើម៉ែ គាត់មិនព្រមឲ្យហាត់ដាច់ខាតពីដំបូង។ គាត់ថា គាត់ខំថ្នាក់ថ្នមណាស់មិនឲ្យស្រមោចខាំផង ហើយម៉េចធំឡើងទៅធ្វើអីឲ្យគេវាយតប់បែបហ្នឹង។ ខ្ញុំបញ្ចុះបញ្ចូលម៉ែរហូតដល់ ៣ខែ ទើបគាត់ព្រមឲ្យហាត់»។
«ហាត់ដំបូងៗខ្ញុំឈឺខ្លាំងណាស់ ទ្រាំសឹងមិនបាន។ ហាត់បានមួយខែ ខ្ញុំបានចូលរួមប្រកួត។ អ្នកម្តាយខ្ញុំមិនហ៊ានមើលកូនប្រកួតទេពេលដំបូង។ មែនទែនទៅ លុះត្រាមានចិត្តស្រលាញ់ ទើបមានការតស៊ូបាន»។ក្រៅពីនោះ ស្រីពៅថា សូម្បីអ្នកជិតខាងក៏ហាក់មិនគាំទ្រនូវការសម្រេចចិត្តរបស់គ្រួសារខ្លួន ដែលបញ្ជូនកូនស្រីឲ្យហាត់ប្រដាល់ តែយ៉ាងណាកញ្ញាថា ខ្លួនមិនដែលគិតអវិជ្ជមានលើការលើកឡើងទាំងនោះឡើយ។ អ្នកជិតខាងថា៖ «ជាស្រី ទៅស្រលាញ់អីអាកីឡាហ្នឹង ម៉េចមិនធ្វើអីផ្សេង? ខ្លួនជាស្រី ទៅប្រកួតឲ្យគេវាយជាំមុខជាំមាត់»។
បង្ហាញស្នាមញញឹមដោយរំឭកអតីតកាលទាំងផ្ទុះសំណើចប្រាប់អ្នកសារព័ត៌មាន Khmerload ថា៖ «ម៉ែខ្ញុំថា ល្មមយកប្តីហើយ អាយុក៏ច្រើនហើយ។ តែខ្ញុំបដិសេធ ហើយនៅតែប្រឹងហាត់ប្រដាល់កុំឲ្យអ្នកជិតខាងថា ហាត់មិនបានប៉ុន្មានឈប់ហាត់ ហើយយកប្តីបាត់»។
កញ្ញាបន្តថា៖ «ការសម្រេចចិត្តឈោងយកអាជីពនេះទាមទារឲ្យខ្ញុំលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត អត់ធ្មត់ និងឈ្មុសឈ្មុលដើម្បីជីវភាព ព្រមទាំងលើកមុខមាត់ប្រទេសកំណើតមួយនេះលើឆាកអន្តរជាតិ។ខ្ញុំចង់ឲ្យអន្តរជាតិស្គាល់ក្បាច់គុនខ្មែរឲ្យច្រើន»។
អាជីពនៅលើសង្វៀនរយៈពេលប្រមាណជា ៦ឆ្នាំមកនេះ ស្រីពៅថា ការតស៊ូរបស់ខ្លួនគឺមិនអត់ប្រយោជន៍នោះទេ។ មកទល់ពេលនេះ កញ្ញាត្រូវបានអ្នកគ្រប់គ្រងផ្នែកកីឡាជ្រើសជាជម្រើសជាតិសកលកម្ពុជា។
«ខ្ញុំចេះប្រដាល់សកល ប្រដាល់សេរី និង MMA (ក្លេ និងវាយ)។ ១ខែត្រូវឡើងប្រកួត ៤ដងក៏មាន ព្រោះអត់សូវមានអ្នកប្រដាល់ជាស្រីទេ។ ខ្ញុំត្រូវគ្រូបង្វឹកប្រដាល់សកលជ្រើសជាជម្រើសជាតិ។ អាជីពមួយនេះបានជួយខ្ញុំច្រើនមែនទែន។ កាលនោះប៉ាឈឺត្រូវការលុយ ប្រាក់ខែខ្ញុំបានជួយគាត់។ ក្រៅពីសម្រាលជីវភាព ខ្ញុំត្រូវតែធ្វើឲ្យគេឃើញថា ស្រ្តីខ្មែរអាចនាំទង់ជាតិខ្មែរឡើងលើឆាកប្រដាល់អន្តរជាតិបាន»។ម្ចាស់ពាន One Championship រូបនេះលើកឡើងថា ទោះឈឺសាច់ញឹកញាប់ក៏ដោយ តែខ្លួនមានមោទនភាពណាស់ក្នុងនាមជាកីឡាការិនីដែលធ្លាប់ទទួលជោគជ័យសម្រាប់ជាតិ។
«ខ្ញុំធ្លាប់មានបទពិសោធន៍ឈឺខ្លួនជាច្រើនដង។ មានមួយលើកនោះ របួសចិញ្ចើមដល់ថ្នាក់ដេរ ៥ថ្នេទៀត។ តែខ្ញុំក៏មានបទពិសោធន៍ដែលធ្វើឲ្យខ្ញុំមានមោទនភាពខ្លាំងជាច្រើនលើកដែរ គឺពេលដែលខ្ញុំប្រកួតឈ្នះកីឡាការិនីថៃ និងឈ្នះមីយ៉ាន់ម៉ា ២ដង។ ជាប់ជាកីឡាការិនីឆ្នើមដែលប្រកួតនៅមីយ៉ាន់ម៉ា។ មួយទៀតខ្ញុំបានឈ្នះ និមិត្តរូបខ្លួនឯង (Idol) គឺកីឡាការិនីល្បីប្រចាំប្រទេសថៃ មានឈ្មោះថា Rika Ishige។ រំភើបបំផុតគឺដោយសារឈ្នះក្នុងសង្វៀនអន្តរជាតិ ONE Championship។ តែមុនឈ្នះហ្នឹង ខ្ញុំអន់ចិត្តដែរនៅពេលដែលមានគ្រូបង្វឹកជាជនបរទេសម្នាក់លើកឡើងថាទឹកដៃខ្ញុំនៅអន់ណាស់ មិនទាន់ឆ្នើមប្រចាំប្រទេសខ្មែរទេ ចឹងមិនច្បាស់ថាអាចឈ្នះគេ ឬអត់»។
«ខ្ញុំតែងញញឹមរក្សាជំហរ ២៤ម៉ោង ទោះឈឺពេញខ្លួន តែនៅជម្នះឧបសគ្គ។ ក្រោយឃើញខ្ញុំឈ្នះ មាននារីជាយុវជនខ្មែរជាច្រើនមកប្រាប់ខ្ញុំថា គេចង់ហាត់ដូចខ្ញុំ»។
«ខ្ញុំបានទៅប្រកួតក្រៅប្រទេសច្រើន។ ឥលូវគេស្គាល់ខ្ញុំជាងមុន។ អ្នកជិតខាងក៏លើកឡើងថា ខ្ញុំសំណាងដែលបានស្គាល់ប្រទេសគេ។ ពិតមែន វាជាក្តីរំភើបសម្រាប់ខ្ញុំ»។
ជម្រើសជាតិសកលកម្ពុជារូបនេះហាក់បង្ហាញនូវឆន្ទៈឥតរុញរាថា៖ «គេហៅទៅប្រកួត យើងត្រូវតែទៅ មិនថាក្រៅ ឬក្នុងស្រុក ទោះបីឈ្នះចាញ់ មិនរុញរា។ កីឡាការិនីជាអ្នកតំណាងប្រទេសត្រូវប្រឹង ហើយវាយឲ្យល្អមើល។ គុនខ្មែរមកពីប្រទេសណាគេមិនដឹងទេ បើយើងមិនបានផ្សាយឲ្យគេដឹងនោះ។ ចេញទៅប្រកួតក្រៅប្រទេសទើបគេស្គាល់ ជាក់ស្តែងដូចប្រទេសថៃ គេខំផ្សព្វផ្សាយពី Muay Thai ណាស់ ចឹងហើយបានប្រទេសណាក៏ស្គាល់ពីគេដែរ»។«គ្រូបានត្រឹមបង្រៀនយើងហាត់ទេ យើងត្រូវយកចិត្តទុកដាក់តស៊ូដោយខ្លួនឯង។ ក្រោយចូលកីឡា ខ្ញុំបានជួយគ្រួសារច្រើនណាស់។ មួយទៀតរឿងហាត់គុនខ្មែរ ដូចជប៉ុនអី គេអត់ស្គាល់គុនខ្មែរហ្នឹងជាអីទេ។ គេស្គាល់តែ Muay Thai។ ចឹងហើយខ្ញុំចង់ផ្សាយឲ្យគេស្គាល់ពីយើងឲ្យច្រើនដែរ»។
កីឡាការិនីកម្ពស់ ១៥៥ សង់ទីម៉ែត្រខាងលើមានសុទិដ្ឋិនិយមថា៖ «យើងដើរទៅមុខបន្តិចម្តងៗរហូតគេស្គាល់ បើយើងមិនដើរទៅមុខគេមិនស្គាល់យើងដែរ។ ខ្ញុំឈឺចាប់ពេលចេញទៅក្រៅប្រទេសហើយគេមិនស្គាល់គុនខ្មែរ។ យើងជាតំណាងជាតិ។ ខ្ញុំចង់ផ្សាយពីកម្ពុជាថា ក្បាច់គុនខ្មែរមិនមែនចម្លងពីគេ»។
ជានារីការហាត់អាចមានឧបសគ្គច្រើន ព្រមទាំងប្រឈមនឹងការឈឺចាប់ តើកញ្ញាធ្លាប់ខកចិត្តដែលជម្រុញឲ្យចង់សម្រេចចិត្តឈប់ប្រកួតម្តងៗដែរទេ? តបនឹងសំណួរនេះ ស្រីពៅថា៖ «ពេលលេងកីឡាតែងតែមានរបួស ខ្ញុំធ្លាប់ចង់ឈប់ដោយសារតែអត់មានកីឡាការិនីហាត់។ មួយទៀត ធ្លាប់១ឆ្នាំប្រកួតបានតែ ២ទៅ ៣ដងក៏មាន ខ្ញុំធ្លាប់គិតថាចង់ទៅរកការងារថ្មី។ តែបន្ទាប់ពីមានការលើកទឹកចិត្តពីគ្រួសារ និងមិត្តភក្តិ ខ្ញុំក៏បន្តដើរទៅមុខ»។
តបនឹងសំណួរបន្ទាប់របស់អ្នកសារព័ត៌មាន ថាតើការហាត់កីឡាអាចប៉ះពាល់ដល់ការសិក្សារបស់អ្នកហាត់ ឬទេ? កញ្ញា នៅ ស្រីពៅ តបទាំងមិនស្ទាក់ស្ទើរថា វាអាស្រ័យលើការបែងចែកពេលវេលារបស់អ្នកហាត់ តែចំពោះការយល់ឃើញរបស់កញ្ញា ការចំណាយពេលហាត់កីឡាមិនបានធ្វើឲ្យមានផលប៉ះពាល់ទេ ព្រោះកីឡាអាចហាត់នៅផ្ទះ ឬកន្លែងណាក៏បាន។
«ហាត់កីឡាមិនប៉ះពាល់ដល់ការសិក្សា វាអាស្រ័យលើការបែងចែកពេលវេលារបស់យើង»។
ចុះកាលពីពេលហាត់ ឬក៏ប្រកួតវិញមានបញ្ហាលំបាកយ៉ាងណាខ្លះ? «បញ្ហាប្រឈមពេលខ្លះ ត្រូវសម្រកគីឡូដើម្បីឲ្យត្រូវគីឡូសម្រាប់ការប្រកួត។ តម មិនញុាំអាហារក៏មាន គឺផឹកតែទឹកជំនួសវិញដើម្បីឲ្យស្រកគីឡូ។ ហើយមួយទៀត ដោយសារមានមាឌតូចជាងកីឡាការិនីបរទេស យើងចាញ់មាឌគេ ពិបាកវាយ»។ ឆ្លើយបណ្តើរ កាន់ក្រដាសជូតទឹកភ្នែកបណ្តើរ កញ្ញា ស្រីពៅបានបង្ហើបនូវមេរៀនមួយដែលជាការចង់ចាំសម្រាប់ខ្លួនឯង និងដើម្បីលើកទឹកចិត្តដល់យុវជនឲ្យចេះដាក់ចិត្តដាក់កាយលើអ្វីដែលខ្លួនស្រលាញ់។
ម្ចាស់រហ័សនាម «កីឡាការិនីឆ្នើម» ដែលត្រូវបានហៅដោយស្ថាប័នប្រដាល់នៅមីយ៉ាន់ម៉ារូបនេះអះអាងថា៖ «ខ្ញុំហាត់ដំបូង ឈឺសាច់ខ្លាំង។ ដល់ពេលឡើយសង្វៀនវិញ ទោះបីគេវាយយ៉ាងណាក៏នៅតែសើច រក្សាជំហរ ២៤ម៉ោងមិនឲ្យគូប្រកួតដឹងថា យើងឈឺ។ បទពិសោធគឺធ្វើខ្លួនឲ្យសប្បាយផង អត់ធ្មត់ផង។ មេរៀនសំខាន់មួយគឺធ្វើឲ្យគេស្គាល់ខ្មែរ។ អរគុណកីឡាដែលធ្វើឲ្យគេស្គាល់ខ្ញុំកាន់តែច្រើនជាងមុន។ ខ្ញុំបានចេញទៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពិន ជប៉ុន វៀតណាម និងប្រទេសមួយចំនួនទៀត។ ជឿខ្ញុំ បើយើងស្រលាញ់កីឡាយើងត្រូវដាក់ចិត្ត វានឹងផ្តល់ផលឲ្យយើង»៕
Comments are closed, but trackbacks and pingbacks are open.