ជំងឺរលាកថ្លើមមិនមែនមានត្រឹមA B C ទេ នៅមានជំងឺរលាកថ្លើម ២ ប្រភេទទៀត!
ជំងឺរលាកថ្លើម ៣ ប្រភេទដែលគ្នាយើងឭញឹកញាប់ជាងគេនោះគឺ រលាកថ្លើមប្រភេទ A, B និងរលាកថ្លើមប្រភេទ C។ ជំងឺរលាកថ្លើមនេះ សុទ្ធតែអាចបង្កគ្រោះថ្នាក់ដល់សុខភាព និងជីវិតរបស់យើងបាន។ ប៉ុន្តែ ក្រៅពីជំងឺរលាកថ្លើម ៣ ប្រភេទនេះ នៅមានរលាកថ្លើម ២ប្រភេទទៀត ដែលយើងមិនសូវជាដឹង គឺប្រភេទ D និង E។
ជំងឺរលាកថ្លើមជាការឆ្លងពពួកវីរុសចូលទៅក្នុងថ្លើមរបស់យើង ដែលវាបណ្ដាលឲ្យរលាក និងខូចថ្លើម ធ្វើឲ្យថ្លើមដំណើរការមិនប្រក្រតីក្នុងរាងកាយ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
ម៉្យាងវិញទៀត ជំងឺរលាកថ្លើមគ្រប់ប្រភេទទាំងអស់សុទ្ធតែអាចឆ្លងពីម្នាក់ទៅម្នាក់បាន។ ហើយខាងក្រោមនេះ ជាជំងឺរលាកថ្លើមទាំង ៥ ប្រភេទ៖
ជំងឺរលាកថ្លើមប្រភេទ A៖ ជាទូទៅ ឆ្លងតាមរយៈការប៉ះពាល់ចំណីអាហារ ឬភេសជ្ជៈកខ្វក់។ រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទ A អាចបាត់ទៅវិញដោយខ្លួនឯងដោយមិនចាំបាច់ព្យាបាល ប៉ុន្តែការជាសះស្បើយអាចចំណាយពេល ២-៣ សប្តាហ៍។
ជំងឺរលាកថ្លើមប្រភេទ B៖ អាចជាជំងឺស្រួចស្រាល់ ឬជំងឺរ៉ាំរ៉ៃ។ វាឆ្លងតាមរយៈធាតុរាវក្នុងរាងកាយដូចជាឈាម ឬទឹករងៃជាដើម។ ចំពោះ ជំងឺរលាកថ្លើមប្រភេទនេះអាចព្យាបាលបាន តែមិនជាសះស្បើយ ១០០% ឡើយទេ។ មានន័យថា បើយើងកើតជំងឺនេះ ព្យាបាលកាន់តែឆាប់ ភាគរយនៃការរងផលវិបាកកាន់តែទាប។
ជំងឺរលាកថ្លើមប្រភេទ C៖ ក៏អាចមានលក្ខណៈស្រួចស្រាល់ ឬរ៉ាំរ៉ៃដែរ។ ជារឿយៗ វាឆ្លងតាមរយៈការប៉ះពាល់ឈាមពីអ្នកជំងឺរលាកថ្លើមប្រភេទ C។ នៅពេលដែលវាមិនបង្ករោគសញ្ញានៅដំណាក់កាលដំបូង វាអាចនាំឱ្យមានការខូចខាតថ្លើមជារហូតនៅដំណាក់កាលធ្ងន់ក្រោយៗទៀត។
ជំងឺរលាកថ្លើមប្រភេទ D៖ គឺជាទម្រង់ធ្ងន់ធ្ងរមួយនៃជំងឺរលាកថ្លើមដែលកើតឡើងតែចំពោះអ្នកជំងឺរលាកថ្លើមប្រភេទB – វាមិនអាចឆ្លងដោយខ្លួនឯងបានទេ។ វាក៏អាចមានលក្ខណៈស្រួចស្រាល់ ឬរ៉ាំរ៉ៃផងដែរ។
ជំងឺរលាកថ្លើមប្រភេទE៖ ច្រើនតែបណ្ដាលមកពីផឹកទឹកកខ្វក់។ ជាទូទៅ វាអាចបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរ-បីសប្ដាហ៍ដោយមិនមានផលវិបាកយូរអង្វែង។
លោកវេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា ទោះបីជាជំងឺរលាកថ្លើមទាំង ៥ ប្រភេទនេះ សុទ្ធតែអាចចម្លងបានតាមការញ៉ាំ ផឹក ចំណីអាហារ ឬភេសជ្ជៈកខ្វក់ ឬឆ្លងតាមរយៈការប៉ះពាល់ជាមួយទាំងជំងឺដោយផ្ទាល់ក្ដី តែយើងអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺនេះបានដោយ៖
១. ចាក់វ៉ាក់សាំងការពារជំងឺលាកថ្លើមប្រភេទ A ឬ B
២. អនុវត្តតាមជំហានការពារឆ្លងជំងឺរលាកថ្លើមដូច មិនប្រើម្ជុលតែមួយជាមួយអ្នកជំងឺ ឬរួមភេទដោយសុវត្ថិភាព។ល។
Comments are closed, but trackbacks and pingbacks are open.