Facebook បិទមុខងារសម្គាល់ផ្ទៃមុខ និងលុបទិន្នន័យចោល បន្ទាប់ពីមានការព្រួយបារម្ភជាសកល
អាមេរិក៖ ក្រុមហ៊ុន Facebook បានប្រកាសឱ្យដឹងថា ខ្លួននឹងបិទមុខងារ face-recognition ព្រមទាំងលុបចោលទិន្នន័យដែលមាន អ្នក ប្រើប្រាស់ប្រមាណជាង ១ពាន់លាននៅជុំវិញពិភពលោក ចំពេញមានការព្រួយរម្ភកាន់តែខ្លាំងឡើងពីសំណាក់រដ្ឋាភិបាល និងប៉ូលិស អំពីការប្រើប្រាស់បច្ចេកវិទ្យាខុស គោល ដៅ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The New York Times នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក Jerome Pesenti អនុប្រធានផ្នែកបញ្ញាសិប្បនិមិត្តក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានថ្លែងឱ្យដឹងថា ការផ្លាស់ប្ដូរនេះនឹងក្លាយជាការផ្លាស់ប្ដូរដ៏ធំបំផុតក្នុងការប្រើប្រាស់ការសម្គាល់ផ្ទៃមុខ (face-recognition) នៅក្នុងប្រវត្តិសាស្ត្រនៃបច្ចេកវិទ្យា។
បុគ្គលិកជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា បច្ចុប្បន្នក្រុមហ៊ុន (Meta) បានថ្លឹងថ្លែងករណីប្រើប្រាស់បច្ចេកវិទ្យាក្នុងផ្លូវវិជ្ជមាន ប៉ុន្តែការព្រួយ បារម្ភ ឬកង្វល់សង្គមចេះតែកើតមានឡើងឥតឈប់ឈរ ហើយនិយ័តករ ឬរដ្ឋាភិបាលក៏មិនទាន់មានច្បាប់ច្បាស់លាស់ទៅលើការគ្រប់គ្រង នូវ បច្ចេកវិទ្យាផងដែរ។ ដើម្បីកាត់បន្ថយកង្វល់ និងភាពតាមតឹង ក្រុមហ៊ុនសម្រេចនឹងលុបចោលទិន្នន័យ face-recognition របស់អ្នកប្រើប្រាស់ប្រមាណជាង ១ពាន់លាននាក់នៅជុំវិញពិភពលោកដែលបានប្រើប្រាស់នៅក្នុងបណ្ដាញសង្គម Facebook នៅក្នុងពេល ឆាប់ៗមុខនេះ។
គួរបញ្ជាក់ផងដែរថា Facebook បានប្រកាសដាក់ឱ្យប្រើប្រាស់មុខងារ face-recognition កាលពីឆ្នាំ២០១០ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ព្រោះថាបច្ចេកវិទ្យានេះនឹងធ្វើការចង់ចាំ ឬរក្សាទុក (Save) នូវអត្តសញ្ញាណ៕
Comments are closed, but trackbacks and pingbacks are open.