ផ្ទៃមុខរបស់បដិមាតែងលងបន្លាចនាងជានិច្ច” រឿងរ៉ាវស្ត្រីសញ្ជាតិថៃអ្នកទទួលមរតកវត្ថុបុរាណខ្មែរពីឪពុក
កម្សាន្ត៖នៅខែវិច្ឆិកា ឆ្នាំ២០២០ លោក Douglas Arthur Joseph Latchford អ្នកជំនាញនិងជាអ្នកសន្សំវត្ថុបុរាណខ្មែរ ជនជាតិអង់គ្លេសសញ្ជាតិថៃដ៏ល្បីល្បាញម្នាក់ បានធ្វើអោយវត្ថុបុរាណទាំងអស់ដែលជាកម្មសិទ្ធិផ្ទាល់របស់លោក ធ្លាក់ទៅលើដៃកូនស្រីបង្កើតកាត់ថៃ-អង់គ្លេសរបស់គាត់។ បន្ទាប់ពីទទួលបានមរតកទាំងនេះហើយកញ្ញា Nawapan Kriangsak បានសម្រេចចិត្តប្រគល់វត្ថុបុរាណទាំងអស់ត្រឡប់មកកាន់ប្រទេសកម្ពុជាជាប្រទេសដើមវិញ។ តាមរយៈអត្ថបទក្នុងសារព័ត៌មានអន្តរជាតិ The New York times នាងបានផ្តល់ជាបទសម្ភាសន៍ថា នៅក្នុងវ័យកុមារភាពរបស់នាង មុនពេលចូលគេងនាងតែងតែនិយាយនឹងឪពុករបស់នាងថា “រូបចម្លាក់ទាំងនោះ ពួកគេអាចដើរបាននៅពេលយប់”។
លោក Douglas Arthur Joseph Latchford អ្នកជំនាញសិក្សាស្រាវជ្រាវនិងជាអ្នកសន្សំវត្ថុបុរាណខ្មែរលំដាប់ពិភពលោក លោកជាម្ចាស់កម្មសិទ្ធិនៃវត្ថុបុរាណខ្មែរ ដូចជារូបចម្លាក់និងគ្រឿងប្រដាប់រាប់សិបចំនួន ដែលមានអាយុកាលចាប់តាំងពីសតវត្សទី៦ រហូតដល់សម័យក្រោយអង្គរ ដែលមានតម្លៃមហាសាល ដែលត្រូវបានគេប៉ាន់ស្មានថាមានតម្លៃសរុបរហូតដល់៥០លានដុល្លា។ នៅឆ្នាំ២០១៩ សារព័ត៌មានបរទេសបានរាយការណ៍អោយដឹងថា លោកត្រូវបានជាប់ចោទពីបទលួចដឹកជញ្ជូនវត្ថុបុរាណខ្មែរដែលត្រូវបានលួចចេញពីកម្ពុជាពីសំណាក់តុលាការអាមេរិក ក្រោយពីនោះមិនយូរប៉ុន្មានលោកក៏បានទទួលមរណភាពទៅ នាទីក្រុងបាងកកក្នុងអាយុ៨៨ឆ្នាំ។
ក្រោយពីលោកទទួលមរណភាព កញ្ញា Nawapan Kriangsak អ្នកស្នងមរតក បានសម្រេចចិត្តប្រគល់មរតកវត្ថុបុរាណទាំងអស់មកកាន់កម្ពុជាវិញ។ ការសម្រេចចិត្តប្រគល់វត្ថុបុរាណជាង១០០ចំនួន មកកាន់កម្ពុជាវិញនេះកើតពីការចរចារវាងរដ្ឋាភិបាលកម្ពុជានិងគ្រួសារលោកDouglasផ្ទាល់ដោយ ចំណាយរយៈពេលរហូតដល់៣ឆ្នាំតាំងពីលោកនៅមានជីវិតមកម៉្លេះ និងក៏សារការជួយជ្រោមជ្រែងពីសំណាក់ ព្រះរាជអាជ្ញាតំបន់ southern District ទីក្រុងNew York ភ្នាក់ងារស៊ើបអង្កេត Homeland Security Investigations(HSI) និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ។ វត្ថុបុរាណនានានឹងបន្តប្រគល់មកកាន់កម្ពុជាវិញតាមលំដាប់លំដោយ ដោយជំហានទី១ដែលទើបមកដល់ថ្មីៗនេះ មានការប្រគល់វត្ថុបុរាណជារូបចម្លាក់រួមទាំងក្បាលទូកបុរាណ សរុប៥ចំនួនមកកាន់កម្ពុជាសិន។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិ The New York times កញ្ញា Nawapan Kriangsak បានរំលឹកអំពីអតីតកាលពីកុមារភាពរបស់នាងថា កាលពីនាងនៅក្មេងការរត់លេងក្នុងផ្ទះត្រូវបានហាមឃាត់ ក៏ដោយសារតែនៅផ្ទះរបស់នាងនាទីក្រុងបាងកកហ្នឹង ពោរពេញទៅដោយវត្ថុបុរាណខ្មែរដ៏មានតម្លៃ ដែលឪពុករបស់នាងសន្សំទុក។
នៅពេលដែលនាងចូលដេកម្តងៗ ផ្ទៃមុខដ៏សោកសៅតក់ស្លុតរបស់បដិមាបុរាណជារូបដែលតែងតែលងបន្លាចនាង មុនពេលនាងដេកលក់នាងតែងតែប្រាប់ឪពុកនាងថា រូបចម្លាក់ទាំងអស់នោះ គឺពួកគេអាចដើរបាននៅពេលយប់។ ក្រៅពីនេះនាងក៏បានបង្ហាញចំណាប់អារម្មណ៍ដែរថា នាងចង់វត្ថុគ្រប់យ៉ាងដែលឪពុកនាងសន្សំតាំងពីដើមមក ត្រូវបានយកមកទុករក្សានៅទីកន្លែងដែលមនុស្សទូទាំងពិភពលោកអាចទៅដល់និងយល់ដឹងពីវាបាន ទីតាំងនោះក៏មានទីកន្លែងណាផ្សេងពីប្រទេសកម្ពុជាដែរ គឺជាទីកន្លែងដែលមនុស្សម្នាគោរពបូជាវត្ថុទាំងនោះ មិនត្រឹមតែជាវត្ថុសិល្បៈប្រវត្តិរបស់ពួកគេប៉ុណ្ណោះទេ តែគោរពក្នុងន័យជាវត្ថុសំខាន់ក្នុងសាសនារបស់ពួកគេ៕ អត្ថបទដោយ៖ បុរាណាចារ្យ
Comments are closed, but trackbacks and pingbacks are open.