ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងគោរពច្បាប់ចរាចរណ៍
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់អំពីសុវត្ថិភាពក្នុងពេលបើកបរ ដោយគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងជាពិសេសត្រូវយកចិត្តទុកដាក់ការពារសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ កុំឱ្យឆ្លងជំងឺកូវីដ-១៩ឱ្យសោះ។
នៅលើផេកផ្លូវការនាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា សូមបងប្អូនចូលរួមថែរក្សាសុខភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរនៅទូទាំងប្រទេស ទោះបីបងប្អូនធ្វើដំណើរទៅទីណាក៏ដោយ ទី១ ត្រូវតែប្រុងប្រយ័ត្នខ្ពស់អំពីសុវត្ថិភាពក្នុងពេលបើកបរ គឺត្រូវគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា ព្រោះគ្រោះថ្នាក់អាចកើតឡើងតែមួយវិនាទីប៉ុណ្ណោះ ប្រសិនបើយើងធ្វេសប្រហែសមិនគោរពច្បាប់។ ទី២ ត្រូវការពារសុវត្ថិភាពសុខភាពខ្លួនយើង និងក្រុមគ្រួសារ កុំឱ្យឆ្លងជំងឺកូវីដ-១៩ ឱ្យសោះ ព្រោះជំងឺនេះឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់ ដូចនៅសហរដ្ឋអាមេរិកដែលចំនួនអ្នកឆ្លងកំពុងកើនឡើងយ៉ាងគំហុគ។ សម្ដេចតេជោបន្តថា នៅកម្ពុជាយើង មកទល់ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៧១នាក់ ព្យាបាលបានជាសះស្បើយ ១៣៦ នាក់ និងចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលកំពុងព្យាបាលពេលនេះគឺមាន ៣៥នាក់ (០២នាក់ជាមន្ត្រីស្ថាតទូតអាម៉េរិក។
សម្ដេចតេជោគូសបញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកកម្ពុជា ត្រូវតែធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសនៅពេលដែលពិនិត្យសុខភាពរួចហើយ អនុញ្ញាត្តិឱ្យរស់នៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃ គឺត្រូវទទួលខុសត្រូវធ្វើតាមបញ្ជាណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពខ្លួនឯងផង និងសម្រាប់អ្នកដទៃផង។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល។ ត្រូវពាក់ម៉ាស់ការពារឱ្យបានល្អ ហើយកុំធ្វេសប្រហែសដោយគិតខ្លីថាមិនអីទេ។ ទីកន្លែងធ្វើអាជីវកម្មតូចធំរួមទាំងផ្សាររដ្ឋ និងឯកជន តូបលក់ឥវ៉ាន់តូចធំ ដេប៉ូចែកចាយ ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលបានអនុញ្ញាត្ត ធនាគារ និងកន្លែងប្តូរប្រាក់តូចធំ ក្លីនិកតូចធំ គ្លីនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និង មន្ទីរពេទ្យឯកជន ត្រូវតែមានជែល ទឹកអាល់កុល និងម៉ាស់ សម្រាប់ផ្តល់ជូនអតិថិជន ឬក្រុមគ្រួសារអ្នកជំងឺ ដើម្បីទប់ស្កាត់ការរីករាលដាលចម្លងរោគពីម្នាក់ទៅម្នាក់ ហើយត្រូវបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេល។ សម្ដេចតេជោ ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋបានចៀសផុតពីជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ ទាំងអស់គ្នា៕
Comments are closed, but trackbacks and pingbacks are open.