រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះជំរុញទីផ្សារ និងទស្សនកិច្ចស្វែងយល់កសិដ្ឋានចិញ្ចឹមមាន់ស្រែខ្នាតតូច និងកសិដ្ឋានដាំចេកអំបូងលឿង នៅខេត្តកំពត

AKខេត្តកំពតថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០–

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ អញ្ជើញអមដំណើរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះជំរុញទីផ្សារ និងទស្សនកិច្ចស្វែងយល់កសិដ្ឋានចិញ្ចឹមមាន់ស្រែខ្នាតតូច (AIMS) ,រោងចក្រផលិតកែច្នៃសាច់ និងវេចខ្ចប់សាច់មាន់ និងកសិដ្ឋានដាំចេកអំបូងលឿង នៅខេត្តកំពតកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញទស្សនកិច្ចចំនួន ៣ទីតាំង នៃកសិដ្ឋានចិញ្ចឹមមាន់ ស្ថិតភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។ ការចិញ្ចឹមមាន់ស្រែនេះ ជាផ្នែកមួយនៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តប្រជាកសិករ​ ចូលរួមជាមួយគម្រោង AIMS ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងឥណទាន (ប្រាក់កម្ចីដែលមានការប្រាក់ទាប) សម្រាប់ពង្រីកមុខរបរកសិកម្ម ជាពិសេសការចិញ្ចឹមមាន់ស្រែ ដែលកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ។

ក្រសួងពាណិជ្ជកម្ម ធ្វើការសម្របសម្រួល និងស្វែងរកទីផ្សារថ្មីៗជូនប្រជាសហគមន៍ និងវិស័យឯកជន តាមរយៈការចងក្រងសមាគម ការដឹកនាំអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតផលក្នុងស្រុក និងការតភ្ជាប់ផលិតកម្មជាមួយទីផ្សារដែលមានស្រាប់ ដើម្បីកាត់បន្ថយការនាំចូលទំនិញពីបរទេស សំដៅលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាធានាការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព។ ជាមួយនេះដែរ ឯកឧត្តម ក៏បន្តទៅពិនិត្យមើលរោងចក្រផលិតកែច្នៃសាច់ និងវេចខ្ចប់សាច់មាន់របស់ក្រុមហ៊ុន 3PLe Farm Co. Ltd ស្ថិតនៅភូមិឈើទាល ឃុំជម្ពូរវ័ន្ត ស្រុកជុំគិរី ខេត្តកំពត ផលិតមាន់បានចំនួនប្រមាណ ១,៥លានមាន់ ក្នុងមួយឆ្នាំ។ បច្ចុប្បន្នក្រុមហ៊ុនមានកសិដ្ឋានចិញ្ចឹមមាន់មានសមត្ថភាពផ្ទុកមាន់បានចំនួន ៣៥០០០ក្បាល ដែលគ្របដណ្ដប់លើដីទំហំ ៨ហិកតា នៅភូមិព្រៃត្នោត ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានកោតសរសើរដល់ដំណើរការចង្វាក់ផលិតកម្ម និងស្តង់ដាអនាម័យ សុវត្ថិភាពសាច់នៅក្នុងរោងចក្រនេះ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកការផលិត និងចែកចាយផលិតផលរបស់ខ្លួន នៅតាមទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារបរទេស។ ក្នុងពេលដំណាលគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានទៅពិនិត្យស្វែងយល់កសិដ្ឋានដាំចេកអំបូងលឿងរបស់ក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ ស្ថិតនៅភូមិជុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

ចំពោះការវិនិយោគ គឺជាការបណ្ដាក់ទុនវិនិយោគរួមគ្នា រវាងអ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុក មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានកម្មករជាង ៧០០ នាក់ បម្រើការងារវេចខ្ចប់ និងដាំកូនចេកបានជាង៣០០ហិកតា ដោយការដាំដុះ និងថែទាំប្រកប​ដោយបច្ចេកទេសនិងស្តង់ដារ ដើម្បីតម្រូវចិត្ត ក៏ដូចជាស្របតាមតម្រូវការនៃទីផ្សារនាំចេញ។ ឯកឧត្តម រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធិផលនានាដែលក្រុមហ៊ុនសម្រេចបានក្នុងរយៈពេលដ៏ខ្លី ព្រមទាំងបានសាទរចំពោះភាពឆ្លាតវៃរបស់ក្រុមហ៊ុន ដែលបានចាប់យកឱកាសធ្វើការវិនិយោគ កសិដ្ឋានចំការចេកអំបូងលឿង ចំពេលដែលទីផ្សារចេកត្រូវបាននាំទៅប្រទេសចិន។ សមិទ្ធផលនេះ ស្តែងចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យកសិកម្ម និងប្រែក្លាយវិស័យកសិកម្មទៅជាកសិ-ឧស្សាហកម្ម និងវិស័យឯកជនទៅជាកសិពាណិជ្ជករ រួមជាមួយការជំរុញធ្វើទំនើបកម្មកសិកម្មផងដែរ៕ ដោយ៖ប្រាក់ លាង

Comments are closed, but trackbacks and pingbacks are open.