ស្តេចអារ៉ាប៊ីសាអូឌីតយាងចូលមន្ទីរពេទ្យ ដើម្បីទទួលការពិនិត្យព្រះរាជសុខភាព

(រីយ៉ាដ)៖ ព្រះចៅ សាល់ម៉ាន់ ប៊ីន អាប់់ឌូលឡាស៊ីស (Salman bin Abdulaziz) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានយាងចូលមន្ទីរពេទ្យ ដើម្បីទទួលការពិនិត្យព្រះរាជសុខភាព ខណៈទ្រង់មានជន្មាយុ ៨៤ព្រះវស្សាទៅហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។

បើតាមប្រភពព័ត៌មានដដែលបានគូសបញ្ជាក់ថា ស្តេចនៃប្រទេសដែលនាំចេញប្រេងច្រើនជាងគេបំផុត នៅលើពិភពលោកអង្គនេះ មានបញ្ហារលាកថង់ទឹកប្រមាត់ ប៉ុន្តែមិនទាន់មានប្រភពណាមួយ អាចផ្តល់ព័ត៌មានលម្អិតជុំវិញបញ្ហានេះទេ។

គួរជម្រាបថា ព្រះចៅ សាល់ម៉ាន់ បានចំណាយពេលជាងពីរឆ្នាំកន្លះ កាន់មុខតំណែងជាព្រះរាជទាយាទ និងជាឧបនាយករដ្ឋមន្ត្រីរបស់អារ៉ាប៊ីសាអូឌីត ចាប់ពីខែមិថុនា ឆ្នាំ២០១២ រហូតទាល់តែទ្រង់បានឡើងគ្រងរាជសម្បត្តិជាផ្លូវការ នៅខែមករា ឆ្នាំ២០១៥។ មិនតែប៉ុណ្ណោះទ្រង់ក៏ធ្លាប់បម្រើការជាអភិបាលក្រុងរីយ៉ាដ អស់រយៈពេល ៥០ឆ្នាំផងដែរ។

ដោយសារតែព្រះរាជសុខភាពទ្រុឌទ្រោមនេះហើយ ទើបកាលពីប៉ុន្មានឆ្នាំមុន ទ្រង់បានប្រគល់រាជកិច្ចមួយចំនួនឲ្យព្រះរាជទាយាទ មហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) ដែលមានព្រះជន្មាយុ ៣៤វស្សារាប់រងជំនួស។ បច្ចុប្បន្នព្រះចៅ សាល់ម៉ាន់ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យឯកទេស​នៃព្រះចៅហ្វៃសាល់ (Faisal) ក្នុងរាជធានីរីយ៉ាដ៕

Comments are closed, but trackbacks and pingbacks are open.