អស្ចារ្យមែន! តួ Iron Man ពីអ្នកទោស កែប្រែជីវិតរហូតក្លាយជាតារាល្បី មានទ្រព្យស្តុកស្តម្ភចាយ១០ជាតិមិនអស់…
តារាសម្ដែង Robert Downey Jr. ដែលមហាជនភាគច្រើនស្គាល់ថាជាតួអង្គ Tony Stark ឬ Iron Man របស់ Marvel នោះ មិនមែនតែងតែគោរពច្បាប់ និង សង្គមដូចបច្ចុប្បន្ននេះឡើយ ដោយពីអតីតកាលលោកធ្លាប់ចោលទេពកោសល្យ ដើរលើគន្លងផ្លូវខុស រហូតខាតបង់កេរ្តិ៍ឈ្មោះអស់ពេលរាប់ឆ្នាំ។ មុនកែប្រែខ្លួនជាបុគ្គលល្បី និង គំរូម្នាក់ តារាសម្ដែង Robert កាលពីក្មេង ធ្លាប់មានគំនិតរាក់ភ្លើតភ្លើន ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ រហូតត្រូវបញ្ជូនចូលពន្ធនាគារក្នុងឆ្នាំ ១៩៩៩។
ក្នុងឆ្នាំ ១៩៩៦ បើតាមសារព័ត៌មាន BBC បានឱ្យដឹងថា ប៉ូលិសបានរកឃើញថ្នាំប្រភេទហេរ៉ូអ៊ីន កាកូអ៊ីន និង កាំភ្លើងខ្លីមួយដើមក្នុងឡានរបស់ Robert ខណៈពេលរូបលោកត្រូវបានប៉ូលិសហៅឱ្យឈប់ ក្រោយបើកបរលើសល្បឿនកំណត់។ ក្រោយមក ក្នុងឆ្នាំ ១៩៩៩ លោកក៏ត្រូវបានបញ្ជូនទៅដាក់ក្នុងពន្ធនាគាររយៈពេល ៣ ឆ្នាំ ដោយសារលោកបានបំពានលើលក្ខខណ្ឌឃ្លាំមើល។
ទោះជាយ៉ាងណា មកដល់ឆ្នាំ ២០១៥ Robert Downey Jr. ត្រូវបានតុលាការលើកលែងទោស ប៉ុន្តែកំណត់ត្រាទោសកំហុសរបស់លោកនៅតែរក្សាជាអចិន្ត្រៃយ៍។ ក្រោយរួចទោស តួអង្គ Iron Man រូបនេះ បានផ្លាស់ប្ដូរជីវិតរបស់លោក ឱ្យដើរផ្លូវត្រូវ ក្លាយជាបុគ្គលគួរឱ្យគោរពក្នុងសង្គម និង នាំខ្លួនឱ្យក្លាយជាតារាល្បីម្នាក់ មានចំណូលរហូត ៣០០ លានដុល្លារក្នុងដៃ រស់នៅជីវិតពោរពេញដោយសម្បូរហូរហៀររហូតមកដល់សព្វថ្ងៃ៕
Comments are closed, but trackbacks and pingbacks are open.