តាមការសន្យា! អភិបាលខេត្តកំពង់ស្ពឺ ទិញម៉ូតូ HONDA BEAT ៣៣ គ្រឿងថ្មីទែង ជូនសិស្សនិទ្ទេស A ក្នុងខេត្ត
អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ បានប្រកាសសម្រេចចិត្តទិញម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ចំនួន ៣៣ គ្រឿង ជូនបេក្ខជនប្រឡងបាននិទ្ទេស A ប្រចាំខេត្តកំពង់ស្ពឺ សម្រាប់ជាការលើកទឹកចិត្ត។
តាមរយៈការសម្រេចបែបនេះ លោកអភិបាលខេត្ត បានបញ្ជាក់នៅលើគណនីរបស់លោក ឱ្យបានដឹងថា ៖ «ជម្រាបសួរក្មួយៗបេក្ខជន ដែលទទួលបាននិទ្ទេស A របស់ខេត្តកំពង់ស្ពឺទាំងអស់ ជាទីនឹករលឹក! កាលថ្ងៃដែលក្មួយៗប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ២៧ ធ្នូ ២០២១ ពូបានប្រកាសជាឧឡារិកថា បើក្មួយណាប្រឡងបាននិទ្ទេស A ពូនឹងផ្តល់ជូននូវម៉ូតូ Zoomer X មួយគ្រឿង សម្រាប់ជាការលើកទឹកចិត្ត។ បច្ចុប្បន្ននេះ ម៉ូតូ Zoomer X គេមិនបានផលិតទៀតទេ។ ក្រុមការងាររកបានខ្លះ (ឆ្នាំ ២០១៨ និង ឆ្នាំ ២០១៩) ដោយចំនួនមិនគ្រប់ ៣៣ គ្រឿង ដូច្នេះពូគិតថាកុំឱ្យខុសគ្នា ពូក៏សម្រេចចិត្តទិញម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ជូនក្មួយៗវិញ សូមក្មួយៗ មេត្តាយោគយល់ និង អធ្យាស្រ័យផង ដែលមិនបានធ្វើតាមសន្យា។ សូមអរគុណ»។
គួររំឭកផងដែរថា កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំគណៈប្រតិភូអន្តរស្ថាប័ន កាត់វិញ្ញាសារប្រឡងបាក់ឌុប នៅវិទ្យាល័យកំពង់ស្ពឺ និងបានប្រកាសថា ៖ «ប្រសិនបើកូនក្មួយណា (កំពង់ស្ពឺ) យកបាននិទ្ទេស A ក្នុងការប្រឡងនេះ ខ្ញុំនឹងជូនម៉ូតូមួយគ្រឿងម៉ាក Zoomer X ដើម្បីជាការលើកទឹកចិត្ត» ខណៈក្រោយចេញលទ្ធផល គឺរកឃើញសិស្សជាង ៣០ នាក់ ជាប់និទ្ទេស A ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ៕
Comments are closed, but trackbacks and pingbacks are open.