សមត្ថកិច្ច​​ចម្រុះ​ស្រុក​កំពង់​ត្រាច​ចុះ​បង្ក្រាប​ និងចាប់បានក្តាម​ ​បង្គា​ចាក់​សារធាតុ​ចាហួយ​ប្រមាណ​​ ១២ តោន

ក្តាម​ និង​បង្គា​ចាក់​សារធាតុ​ចាហួយ​ប្រមាណ​​ ១២ តោន​​ត្រូវ​បាន​អាជ្ញាធរ​ និង​សមត្ថកិច្ច​​ចម្រុះ​ស្រុក​កំពង់​ត្រាច​ចុះ​បង្ក្រាប​ទាំង​កណ្ដាល​អធ្រាត្រ​ថ្ងៃ​​ទី១៦ ខែ​មករា ឆ្នាំ២០២២ ត្រង់​ចំណុច​ខាង​កើត​ស្ពានស្រុកកំពង់ត្រាច ក្នុងភូមិកំពង់ត្រាចទី១ ឃុំ​កំពង់​ត្រាច​ខាង​កើត ស្រុក​កំពង់​ត្រាច ខេត្ត​កំពត។​​

ក្នុង​ប្រតិបត្តិការ​នេះ​មាន​វត្តមាន លោក ឃឹម សាមី អភិបាល​រង​ស្រុក​កំពង់ត្រាច និង​លោក ង៉ែត សាវឿន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បាន​ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​ឃាត់​រថយន្ត​ដឹក​បង្គា​ចំនួន​២គ្រឿង​ដែល​ត្រូវ​កម្លាំងចម្រុះឃាត់នោះ មានដឹកបង្គាចំនួន៦០០កេះស្នោ និង​ក្តាម​សេះ​ប្រហែល​១០​កេះ ​មាន​ទម្ងន់​ប្រមាណ១២តោន ប៉ុន្តែ​ការ​រក​ឃើញ​មាន​បង្គា​ចាក់​សារធាតុ​ចាហ៊ួយ​នោះ ជំនាញ​មិន​ទាន់​ហ៊ាន​អះអាង​ថា ​មាន​ប៉ុន្មាន​កេះ​ស្នោ​នៅ​ឡើយ​ទេ​ ដោយ​​រង់​ចាំ​សមត្ថកិច្ច​ជំនាញ​មក​ពិនិត្យ​បន្ត​នៅ​ព្រឹក​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។

ប្រភព​ដដែល​បាន​បញ្ជាក់​ដែរ​ថា ​រថយន្តដែលដឹកគ្រឿងសមុទ្រ ឆ្លង​កាត់​ភូមិសាស្ត្រស្រុកកំពង់ត្រាច ខេត្ត​កំពត​ពិសេស ក្តាម ឬ បង្គា គឺ​ត្រូវ​បាន​ចរាចរ​តាម​រថយន្តប្រភេទនេះ រាប់​ខែ​រាប់​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​ហាក់​ពុំ​សូវ​បាន​ត្រួត​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់នោះឡើយ ​ហើយ​ករណី​ឃើញ​មាន​បង្គា​ក្នុង​កេះ​ស្នោ​មួយ​ចំនួន​មាន​ចាក់​សារធាតុចាហ៊ួយ​ដឹក​តាម​រថយន្តបែបនេះ មហាជន​ពិត​ជា​មាន​ការ​មន្ទិលសង្ស័យ ដោយ​មតិ​ខ្លះ​បានលើកឡើងថា បើ​ខ្មោច​ស្រុក​មិនឱ្យដៃ ខ្មោចព្រៃក៏មិនហ៊ានដែរ។

ចំពោះ​បង្គា​ដែលផ្ទុកដោយសារធាតុចាហួយ​ដែល​ដឹក​តាមរថយន្តនេះ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ គេឃើញវត្តមាន លោកព្រះរាជអាជ្ញារងខេត្តកំពត ដឹកនាំមន្ត្រីជំនាញមកត្រួតពិនិត្យ ដោយ​លទ្ធ​ផលពិនិត្យ ជំនាញកាំកុងត្រូលបានបញ្ជាក់ថា បង្គា​ក្នុង​កេះ​ស្នោ​ទាំង​អស់​នោះ​សុទ្ធ​តែ​មាន​ចាក់​បញ្ចូលនូវសារធាតុចាហ៊ួយ ដោយ​ឡែក​ក្តាមសេះ និងប្រភេទគ្រឿងសមុទ្រផ្សេងទៀត​ ពុំ​បាន​ចាក់​បញ្ចូលសារធាតុចាហ៊ួយនោះទេ​ ប៉ុន្តែបើទោះជាយ៉ាងណាសមត្ថកិច្ចបាន​ចាត់ទុកគ្រឿង​សមុទ្រ​ផ្ទុក​ក្នុង​រថយន្តជាប់បទល្មើសទាំងអស់។

បន្ទាប់​ពីត្រួតពិនិត្យរួចរាល់ បង្គា​និងគ្រឿងសមុទ្រទាំងអស់(១២តោន) អាជ្ញាធរ និង​សមត្ថកិច្ចជំនាញ បាន​រក្សាទុក​នៅ​អធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ដើម្បី​ដុតកម្ទេចចោល នៅ​​ ថ្ងៃ​ទី១៨ ខែមករា ឆ្នាំ២០២២។ដោយឡែករថយន្តទាំងពីរគ្រឿងដែលជាប់ពាក់ព័ន្ធ​នឹងការដឹក​ជញ្ជូនបទល្មើស ជំនាញ​ និង​ធ្វើ​ការ​ពិន័យទៅតាមច្បាប់៕

Comments are closed, but trackbacks and pingbacks are open.