បិទហើយ!!! រដ្ឋបាលខណ្ឌឫស្សីកែវ សម្រេចបិទផ្សារសាំហាន់ (ផ្សារធំទួលសង្កែ) ក្រោយរកឃើញអ្នកកើតជំងឺកូវីដ១៩ចូលផ្សារ និងអំពាវនាវអ្នកពាក់ព័ន្ធទៅធ្វើតេស្តរកមេរោគ
(ភ្នំពេញ)៖ អាជ្ញាធរបានសម្រេច Lockdown បិទផ្សារសាំហាន់ (ផ្សារធំទួលសង្កែ) សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្រោយអាជ្ញាធរសហការជាមួយក្រុមការងារមន្ត្រីសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចេញចូលផ្សារមួយនេះ។
នេះបើតាមការបញ្ជាក់របស់លោកអភិបាលខណ្ឌឫស្សីកែវ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានថ្លែងប្រាប់បណ្តាញព័ត៌មាន នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។
លោក ជា ពិសី ក៏សូមអំពាវនាវដល់អ្នកពាក់ព័ន្ធចេញចូលនៅក្នុងផ្សារសាំហាន់ (ផ្សារធំទួលសង្កែ) នេះ តាមដានសុខភាពរបស់ខ្លួន ហើយបើមានលេចចេញរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលស្ថិតនៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សាសុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។
បន្ថែមពីនេះ លោកអភិបាលខណ្ឌឫស្សីកែវ សូមអំពាវនាវអ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនឲ្យដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលសង្ស័យបានប៉ះពាល់ ឬនៅផ្សារសាំហាន់ (ផ្សារធំទួលសង្កែ)៕
Comments are closed, but trackbacks and pingbacks are open.