មហាទឹកចិត្ត!! ភរិយាលោក ស សុខា ធានាចេញថ្លៃសំរាលកូនជូនដល់ស្ត្រីម្នាក់ ដែលត្រូវម្ចាស់ផ្ទះដេញចេញព្រោះគ្មានលុយបង់ថ្លៃ
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានព័ត៌មានពីស្រ្តីម្នាក់ មានផ្ទៃពោះជិតគ្រប់ខែ ពុំមានលទ្ធភាពបង់ថ្លៃស្នាក់នៅផ្ទះជួល ត្រូវម្ចាស់ផ្ទះដេញចេញទាំងពោះធំនោះ ភ្លាមៗលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានចុះសម្របសម្រួលរកកន្លែងស្នាក់នៅបណ្តោះអាសន្ន ព្រមទាំងបានយកអំណោយលោកស្រី កែ សួនសុភី សសុខា ជូនដល់ស្ត្រីរូបនេះផងដែរ។
លោក អាំង សិរិពិសិដ្ឋ បានឲ្យដឹងថា ស្ត្រីពោះធំនេះមានឈ្មោះ យឹម សុផា អាយុ៣៥ឆ្នាំ។ បច្ចុប្បន្នរូបលោកបានយកស្ត្រីនេះ ទៅរកកន្លែងស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយរូបលោកបានចេញថ្លៃ បន្ទប់ជួល១ខែ ចំនួន៦០ដុល្លារ ដើម្បីសម្រាលបន្ទុកផងដែរ។
ស្ត្រី យឹម សុផាត បានរៀបរាប់ថា សព្វថ្ងៃគាត់រស់នៅជាមួយកូនប្រុសម្នាក់ ដោយឡែកប្តីរបស់គាត់ ជាប់នៅក្នុងតំបន់ Lock Down។
ក្នុងឱកាសនោះលោក អាំង សិរីពិសិដ្ឋ បានឲ្យដឹងថា ដើម្បីជួយសម្រួលការលំបាករបស់ស្ត្រី យឹម សុផាត ដែលកំពុងរងនូវការលំបាក ក្នុងអំឡុងបិទខ្ទុបរាជធានីភ្នំពេញនេះ លោកស្រី កែ សួនសុភី សសុខា បានធានាចេញថ្លៃសំរាលកូនជូនមួយចប់ផងដែរ។
លោកបញ្ជាក់ថា អំណោយរបស់លោកស្រី កែ សួនសុភី សសុខា ដែលនាំមកផ្តល់ជូនរួមមាន៖ អង្ករ៤បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ ប៊ីចេង អំបិល ស្កសរ ឆៃប៉ូវ និងថវិកា២០ម៉ឺនរៀល៕
Comments are closed, but trackbacks and pingbacks are open.