ក្ដៅ!! អភិបាលខណ្ឌ​ឬស្សី​កែវ​ ចុះ​រដ្ឋបាល​តាម​ដង​ទន្លេសាប​ មុន​ឱសានវាត​របស់​សាលា​រាជធានី​

លោក ​ជា​ ពិសី អភិបាលខណ្ឌ​ឬ​ស្សី​កែវ​ ដឹកនាំ​មន្ត្រី​ចម្រុះ​ចុះ​រដ្ឋបាល​តាម​ដង​ទន្លេសាប ​មុន​ឱសាន​វាត​នៃ​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​មកដល់​ ដែល​ឲ្យ​ពលរដ្ឋ​រស់នៅ​លើ​បែចិញ្ចឹម​ត្រី​និង​សំណង់​មិន​រៀបរយ​​នៅតាម​ដង​ទន្លេ ក្នុងភូមិ​សាស្ត្រ​ខណ្ឌឫស្សីកែវ រុះរើ​ចេញ ។​

ការចុះ​រដ្ឋបាល​នេះ​ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៦​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅតាម​ដង​ទន្លេសាប​ ចាប់ពី​ស្ពាន​ជ្រោយចង្វារ​ ដល់​ស្ពាន​លី​យ៉ុង​ផាត់​ ក្នុង​ទឹកដី​ខណ្ឌឫស្សីកែវ ។

លោក​ ជា ​ពិសី​ អភិបាលខណ្ឌ​ឫស្សីកែវ​ បាន​មានប្រសាសន៍ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​មិថុនា​ថា យើង​ចុះ​រដ្ឋបាល​ពេលនេះ​ គឺ​តាម​ស្មារតី​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ​ចុះ​ថ្ងៃទី​២​ខែមិថុនា ​ឆ្នាំ​២០២១ ដែល​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​រុះរើ ​ឬ​ចល័ត​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​ទូក​តូចៗ​ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​តម្រូវ​ឲ្យ​ចេញ​ឲ្យ​អស់​ដោយ​ទុក​រយៈពេល​៧​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​២ ខែ​មិថុនា​តទៅ ។ លោក​បន្តថា ការសម្រេច​បែបនេះ គឺ​ដើម្បី​រក្សា​បរិស្ថាន ជីវៈចម្រុះ គុណភាព​ទឹក និង​លុបបំបាត់​ភាព​អសកម្ម​នានា ។

សូមបញ្ជាក់ថា កាលពី​ទី​២​ ខែមិថុនា​ ឆ្មាំ​២០២១ សាលា​រាជធានី​ភ្នំ​ពេញបានចេញសេចក្តីជូនដំណឹង​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេសាប រុះរើ ​ឬ​ចល័ត​បែ​ចិញ្ចឹម​ត្រី​ ផ្ទះ​បណ្តែត​ទឹក​ ផ្ទះ​ទូក​តូចៗ​ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​តម្រូវ​ឲ្យ​ចេញ​ឲ្យ​អស់​ដោយ​ទុក​រយៈពេល​៧​ថ្ងៃ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ ។​ ផុត​រយៈ​ពេលនេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​ចាត់វិធានការ​រដ្ឋបាល​ដោយ​ពុំ​ទទួលខុសត្រូវ​រាល់​ការខូចខាត​ ឬ​បាត់បង់​ណាមួយ​ឡើយ ហើយ​បើ​មាន​ករណី​រឹងរូស​ អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ន​ទៅ​តុលាការ​ចាត់​ការ​តាមច្បាប់ ៕​

Comments are closed, but trackbacks and pingbacks are open.