ភ្លើងឆេះព្រៃនៅប្រទេសស៊ីប បានបង្កការភ្ញាក់ផ្អើលដល់ពិភពលោក

ស៊ីប៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Nicos Nouris បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មានមនុស្ស៤នាក់បានស្លាប់ នៅក្នុងប្រទេសស៊ីប ដោយសារបញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេស។ ក្រសួងការបរទេសប្រទេសស៊ីបបានបង្ហោះនៅលើបណ្ដាញសង្គម Twitter នៅថ្ងៃអាទិត្យថា ជនរងគ្រោះចំនួន៤នាក់ដោយសារអគ្គិភ័យ ត្រូវបានគេដឹងថាជាជនជាតិអេហ្ស៊ីប។

អគ្គិភ័យបានឆាបឆេះកាលពីថ្ងៃសៅរ៍ នៅក្បែរភូមិ Arakapas នៅតាមកូនភ្នំនៃជួរភ្នំ Troodos ដែលជាតំបន់ព្រៃស្រល់និងវាល។ ប្រទេសស៊ីបក៏បានជួបប្រទះរលកកម្ដៅ ជាមួយសីតុណ្ហភាពលើសពី៤០អង្សាសេ។

អគ្គិភ័យដ៏ធំបានបង្ខំឲ្យមានការជម្លៀងចេញពីភូមិជាច្រើន នេះបើយោងតាមសេវាកម្មអគ្គិភ័យប្រទេសស៊ីប។ សេវាកម្មនេះបាននិយាយថា ទ្រព្យសម្បត្តិជាច្រើនត្រូវបានបំផ្លិចបំផ្លាញ។​ យោងតាមប៉ូលិសប្រទេសស៊ីបបានឲ្យដឹងថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងអគ្គិភ័យនេះ ប៉ុន្តែអាជ្ញាធរមិនទាន់បានប្រកាសពីមូលហេតុ ដែលបណ្ដាលឲ្យមានអគ្គិភ័យនេះទេ។

ជំនួយពីប្រទេសក្រិកនិងអ៊ីស្រាអែលត្រូវបានគេរំពឹងថា នឹងមកដល់នៅថ្ងៃអាទិត្យ នេះបើយោងតាមលោកប្រធានាធិបតី Nicos Anastasiades។ ប្រតិបត្តិការការពារជនស៊ីវិលនិងជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុប បានប្រកាសនៅលើបណ្ដាញសង្គម Twitter មួយកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីតាលីនិងប្រទេសក្រិកកំពុងបញ្ជូនយន្តហោះពន្លត់អគ្គិភ័យ ដើម្បីជួយដល់អាជ្ញាធរប្រទេសស៊ីប៕

Comments are closed, but trackbacks and pingbacks are open.