ដោយសារមូលហេតុនេះទើប Toyota បិទរោងចក្រផលិតរថយន្តធំៗចំនួន៣នៅក្នុងប្រទេស
(បាងកក)៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បី និងធំរបស់ជប៉ុន Toyota Motor បានប្រកាសផ្អាកការផលិតរថយន្តនៅក្នុងក្នុងប្រទេសថៃជាបណ្ដោះអាសន្ន ដោយសារកង្វះខសតគ្រឿងបង្គុំ ខណៈដែលក្រុមហ៊ុនផលិតរថយន្តស្ទើពាសពេញពិភពលោកបានជួបបញ្ហាកង្វះបន្ទះឈីបជាសកល។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន Toyota Motors Thailand ដែលជាបុត្រសម្ព័ន្ធរបស់ Toyota Motor
បានចេញសេចក្ដីថ្លែងការណ៍មួយថា ខ្លួនបានផ្អាកជាបណ្ដោះអាសន្ននូវការផលិតរថយន្តនៅក្នុងរោងចក្រ Ban Pho Plant , Samrong Plant និង Gateway Plant ចាប់តាំងពីថ្ងៃទី២០ កក្កដាមក។
យោងតាមសេចក្តីថ្លែងការណ៍របស់ Toyota បានឲ្យដឹងថា រោងចក្រទាំង៣នៅក្នុងប្រទេសថៃនេះ មានសមត្ថភាពអាចផលិតរថយន្តបាន ៥៥០០០០គ្រឿងក្នុងមួយឆ្នាំៗ។
ក្រុមហ៊ុននេះបានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយថា ការបិទរោងចក្រនៅក្នុងប្រទេសថៃ គឺដោយសារតែកង្វះគ្រឿងបង្គុំដែលបណ្តាលមកពីវិបត្តិឆ្លងរាលដាលវីរុសកូវីដ-១៩។
គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ Toyota ក៏បានផ្អាកការផលិតរថយន្តនៅក្នុងរោងចក្រមួយនៅខេត្ដ Aichi ប្រទេសជប៉ុន ដោយសារខ្វះគ្រឿងបង្គុំផងដែរ៕
Comments are closed, but trackbacks and pingbacks are open.