ជួយស៊ែផងពួកគាត់ហត់ណាស់! រូបភាពគ្រូពេទ្យដឹកសពតាមម៉ូតូកាត់ភក់ ពេលឡានជាប់ផុង នៅខេត្តកោះកុង
ក្នុងបរិបទវីរុសកូវីដ-១៩ កំពុងរាតត្បាតឥតឈប់ឈរនៅក្នុងសហគមន៍ កងទ័ពអាវសរ បាន និង កំពុងដុតដៃដុតជើងបំពេញការងាររបស់ខ្លួន យ៉ាងសកម្មជាទីបំផុត ។ ពោលគឺកងទ័ពអាវសរមិនត្រឹមតែជាអ្នករកឃើញ និង ព្យាបាលអ្នកជំងឺកូវីដ-១៩ នោះឡើយ ថែមទាំងបានបំពេញតួនាទី ជាអ្នកចាត់ចែងសពអ្នកស្លាប់ដោយសារកូវីដ-១៩ និង បូជាជំនួសក្រុមគ្រួសារផងដែរ ដែលបានឆ្លងកាត់នូវបញ្ហាលំបាកផ្សេងៗក្នុងការបំពេញការងារ ខណៈដែលពួកគាត់ពុំបានត្អូញត្អែរ និង រួញរាសូម្បីបន្តិចនោះឡើយ ។
ជាក់ស្ដែង តាមរយៈគណនីមួយដែលមានឈ្មោះ Choun Phearet បានបង្ហាញពីសកម្មភាព ក៏ដូចជាទិដ្ឋភាព នៃការតស៊ូរបស់ក្រុមគ្រូពេទ្យនៅក្នុងខេត្តកោះកុង ដែលបានតស៊ូបរឡានដឹកសពកាត់ព្រៃ កាត់ភក់ត្រូវជាប់ផុង និង តស៊ូរុញក្នុងឯកសណ្ឋានដ៏ហប់ឈឹងទៀត បែកញើសសស្រាក់ គួរឱ្យអាណិតជាទីបំផុត ។
មិនតែប៉ុណ្ណោះ ក្រុមគ្រូពេទ្យបានសម្រេចចិត្តលើកមឈូសសពចេញពីកន្លែងឡានដែលបានជាប់ផុង មកដាក់នៅលើម៉ូតូ រួចដឹកដោយខ្លួនឯងផ្ទាល់ កាត់ទឹកកាត់ភក់ ដើម្បីយកសពទៅបូជាឱ្យបានទាន់ពេលវេលា ដែលមានការចូលរួមពីអាជ្ញាធរ ក្នុងការបូជាសពលើកទីមួយ ក្នុងភូមិសាស្ត្រស្រុកបុទុមសាគរ និង ជាសពទី ២៤ នៃខេត្តកោះកុង ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ។
តាមរយៈវីរភាពតស៊ូដ៏អង់អាចនេះ បានធ្វើឱ្យមហាជននៅក្នុងបណ្ដាញសង្គមចែករំលែកបន្តព្រោងព្រាត និង ស្ញើចសរសើរមិនដាច់ពីមាត់ ចំពោះការលះបង់ដ៏ធំធេងមួយនេះ សម្រាប់ប្រជាជាតិកម្ពុជា ដោយកងទ័ពអាវសរមិនចង់បានអ្វី ក្រៅតែពីឱ្យកម្ពុជាអាចកាត់ផ្ដាច់ខ្សែចម្លងបាន និង វិលត្រឡប់ទៅរកសភាពដើមដ៏សុខក្សេមក្សាន្តឡើងវិញ ៕
Comments are closed, but trackbacks and pingbacks are open.