ឧស្សាហ៍ត្រជាក់ចុងដៃ ចុងជើងអាចមកពីកង្វះវីតាមីន និងរ៉ែទាំងនេះ
គ្នាយើងមួយចំនួនងាយនឹងមានអាការៈត្រជាក់ចុងដៃ ចុងជើងទោះបីអាកាសធាតុមិនបានចុះត្រជាក់ក៏ដោយ។ មូលហេតុបង្កនៃអាការៈអាចបង្កបញ្ហាសុខភាពផ្សេងៗ ហើយក៏អាចបង្កឡើងដោយកង្វះពពួកវីតាមីន និងជាតិរ៉ែមួយចំនួនផងដែរ។
១. ជាតិដែក
ត្រជាក់ចុងដៃ ចុងជើងអាចបង្កមកពីកង្វះជាតិដែក។ មនុស្សពេញវ័យជាមធ្យមត្រូវការជាតិដែលពី៨ទៅ១៨មិល្លីក្រាមក្នុងមួយថ្ងៃ និងសម្រាប់ស្ត្រីពពោះត្រូវការច្រើនជាង ២៧មិល្លីក្រាម។ នៅពេលទទួលជាតិដែកមិនគ្រប់គ្រាន់ គ្រាប់ឈាមក្រហមនឹងមិនគ្រប់គ្រាន់ក្នុងការបញ្ជូនអុកស៊ីសែនពីសួតទៅកាន់ផ្នែកផ្សេងៗនៃរាងកាយដែលនេះបង្កឲ្យមានអាការៈត្រជាក់ចុងដៃ និងចុងជើង។ ដើម្បីជួយដល់រាងកាយទទួលបានជាតិដែកគ្រប់គ្រាន់ យើងអាចញ៉ាំថ្លើមសត្វ អយស្ទ័រ និងស្ពៃពួយឡេងជាដើម។
២. វីតាមីន B-12
ការទទួលបានវីតាមីន B-12 មិនគ្រប់គ្រាន់អាចបង្កឲ្យមានអាការៈត្រជាក់ចុងដៃ និងចុងជើងដែរ។ យើងត្រូវការវីតាមីននេះ ២,៤មីក្រូក្រាមរាល់ថ្ងៃ និងសម្រាប់ស្ត្រីពពោះត្រូវការ២,៦មីក្រូក្រាម។ រោគសញ្ញាផ្សេងៗនៅពេលមានកង្វះវីតាមីន B-12មានដូចជាអស់កម្លាំង ពិបាកក្នុងការទប់លំនឹង ជំងឺស្លេកស្លាំង ពិបាកដកដង្ហើម និងឈឺមាត់។ អាហារដែលមានវីតាមីន B-12មានដូចជាសាច់ត្រី គ្រឿងក្នុង ស៊ុត និងផលិតផលទឹកដោះគោផ្សេងៗ។
៣. វីតាមីន B3 (Niacin)
ជំងឺ Raynaud’s កើតឡើងនៅពេលដែលឈាមរត់មិនស្រួល និងបង្កឲ្យមានអាការៈ ត្រជាក់ចុងដៃ ចុងជើង។ នេះមកពីការរួមតូចនៃសរសៃអាកទែរដែលផ្គត់ផ្គង់ឈាមទៅផ្នែកផ្សេងៗនៃរាងកាយ។ អ្នកជំនាញបានណែនាំថាការទទួលបានវីតាមីន B3 ១០០មិល្លីក្រាមក្នុងមួយថ្ងៃដើម្បីទប់ស្កាត់បញ្ហាត្រជាក់ចុងដៃចុងជើង។ យើងអាចទទួលបានវីតាមីននេះពីសាច់មាន់ សាច់ត្រី និងគ្រាប់ផ្កាឈូករ័ត្នជាដើម។
៤. ម៉ាញេស្យូម
ការទទួលបានម៉ាញេស្យូមគ្រប់គ្រាន់អាចព្យាបាលអាការៈត្រជាក់ចុងដៃ និងចុងជើងបាន។ សម្រាប់ស្ត្រីត្រូវការរហូតដល់ ៣០០មិល្លីក្រាមក្នុងមួយថ្ងៃ និងបុរស ៤០០មិល្លីក្រាមក្នុងមួយថ្ងៃ។ យើងអាចទទួលបានម៉ាញេស្យូមបន្ថែមតាមរយៈការញ៉ាំតៅហ៊ូ គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ (nuts) ដំឡូងបារាំងដុត សារាយសមុទ្រ និងបន្លែស្លឹកពណ៌បៃតង។
Comments are closed, but trackbacks and pingbacks are open.