ក្រោយរកឃើញស្ត្រីម្នាក់វិជ្ជមានកូវីដ ក៏ស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលសរុបចំនួន៥១នាក់នៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង ៖ នៅថ្ងៃទី២៨ មីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀង បានជូនដំណឹងស្តីពីការរកឃើញប្រជាពលរដ្ឋមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ម្នាក់ ដោយផ្ទាល់និងប្រយោល សរុបចំនួន៥១នាក់ (ស្រី២៥នាក់) នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។
កាលពីថ្ងៃទី២៦ មីនា ឆ្នាំ២០២១ បន្ទាប់ក្រុមការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ក្នុងខេត្ត បានរកឃើញអ្នកពាក់ព័ន្ធនឹងស្ត្រីជនជាតិខ្មែរ អាយុ២៧ឆ្នាំ វិជ្ជមានជំងឺកូវីដ១៩ រស់នៅភ្នំពេញ បានធ្វើដំណើរតាមរថយន្តឈ្នួល មកធ្វើពិធីសូត្រមន្តឡើងផ្ទះនៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក កាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០២១ ។
លុះនៅថ្ងៃទី២២ មីនា ឆ្នាំ២០២១ ស្ត្រីខាងលើបានត្រឡប់ទៅរាជធានីភ្នំពេញវិញតាមរថយន្តឈ្នួល ហើយក៏មានអាការក្តៅខ្លួន ក្អក ឈឺក្បាល និងពិបាកដកដង្ហើម ដោយមានការសង្ស័យ បានទៅយកវត្ថុវិភាគសំណាកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៥ មីនា ឆ្នាំ២០២១ ។
បន្ទាប់ពីរកឃើញស្ត្រីម្នាក់ខាងលើវិជ្ជមានកូវីដ១៩ ក្រុមការងារបានចុះស្រាវជ្រាវដល់ទីតាំងរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយស្ត្រីខាងលើមានចំនួន៥១នាក់ (ស្រី២៥នាក់) ដោយតម្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័កដើម្បីតាមដានជាបន្តទៀត ៕
Comments are closed, but trackbacks and pingbacks are open.