ក្រោយរកឃើញ​ស្ត្រីម្នាក់​វិជ្ជមានកូវីដ​ ក៏ស្រាវជ្រាវរកឃើញអ្នក​ពាក់ព័ន្ធផ្ទាល់ និង​ប្រយោល​សរុប​ចំនួន​​៥១នាក់​នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​២៨ ​មី​នា​ ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តស្វាយរៀង បានជូនដំណឹងស្តីពី​ការ​​រក​ឃើញ​ប្រជាពលរដ្ឋ​មានការ​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១៩​ម្នាក់​ ដោយ​ផ្ទាល់​និង​ប្រ​យោល សរុប​​ចំនួន​៥១​នាក់​ (ស្រី​២៥​នាក់​) នៅ​ភូមិ​ឈើភ្លើង ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង ។
កាលពីថ្ងៃទី​​​​​២៦ មីនា ឆ្នាំ​២០២១ បន្ទាប់​ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូ​វី​ដ​១៩ ស្រាវជ្រាវ​ និង​តាមដានបុគ្គល​សង្ស័យ​ថា​មានផ្ទុកជំងឺកូវីដ​​​​​១៩ ក្នុ​ងខេត្ត បានរកឃើញ​​អ្នកពាក់ព័ន្ធនឹង​ស្ត្រីជនជាតិខ្មែរ អាយុ​​២៧​ឆ្នាំ វិជ្ជមាន​ជំងឺ​កូវីដ​១៩ រស់នៅ​ភ្នំពេញ បានធ្វើ​ដំណើរ​តាម​រថយន្តឈ្នួល មកធ្វើពិធីសូត្រមន្តឡើងផ្ទះនៅ​ភូមិ​ឈើភ្លើង ឃុំ​កំពង់ត្រាច ស្រុករមាសហែក កាលពីថ្ងៃទី​​​១៩ មីនា ឆ្នាំ​២០២១ ។​

លុះនៅ​ថ្ងៃទី​​២២ មីនា ឆ្នាំ​២០២១ ស្ត្រី​ខាងលើ​បានត្រឡប់​ទៅរាជធានីភ្នំពេញវិញ​តាម​រថយន្តឈ្នួល ហើយ​ក៏មានអាការក្តៅខ្លួន ក្អក ឈឺក្បាល និង​ពិបាកដកដង្ហើម ដោយមានការ​សង្ស័យ បានទៅយកវត្ថុវិភាគសំណាកធ្វើតេស្ត​នៅវិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផល​វិជ្ជមាន​កូវីដ​១៩ នៅថ្ងៃទី​​​២៥ មីនា ឆ្នាំ​២០២១ ។​
បន្ទាប់ពីរកឃើញ​ស្ត្រី​ម្នាក់ខាងលើវិជ្ជមានកូវីដ​​​១៩ ​ក្រុម​ការងារ​បានចុះស្រាវជ្រាវ​ដល់ទីតាំង​រកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និង​ប្រយោល​ជាមួយស្ត្រី​​​ខាងលើ​មាន​ចំនួន​​​៥១​នាក់ (ស្រី​​២៥​នាក់) ដោយ​តម្រូវ​ឱ្យពួកគាត់​ធ្វើចត្តាឡីស័ក​ដើម្បី​តាមដានជាបន្តទៀត ៕​​

Comments are closed, but trackbacks and pingbacks are open.