អត់ធ្លាប់ដឹងពីមុនសោះ កូន ៣ នាក់ហើយ យក់ ឋិតរដ្ឋា ទើបដាច់ចិត្តទម្លាយរឿងពិតធ្លាប់ស្អប់ ឃុំ ប៉ុណ្ណាដែត ខ្លាំង មុនជំពប់ស្នេហ៍

ភ្នំពេញ៖ បើគិតត្រឹមឆ្នាំ ២០២១ នេះ គឺមានរយៈពេលប្រមាណជិត ១៥ ឆ្នាំ មកហើយ ដែលតារាចម្រៀង យក ឋិតរដ្ឋា និង អតីតមិត្តរួមគ្រុម EV Band លោក ឃុំ ប៉ុណ្ណាដែត បានបញ្ចប់ភាពនៅលីវ និង បានរៀបការជាមួយគ្នាសាងគ្រួសារយ៉ាងមានសុភមង្គលតាំពីអំឡុងខែឧសភា ឆ្នាំ២០០៦ មកម្ល៉េះ។ ត្រឹមរយៈពេលនេះ ប្តីប្រពន្ធតារាចម្រៀងមួយគូនេះ ក៏ទទួលបានចំណងដៃកូនប្រុស ២ នាក់ និង កូនស្រី ១ នាក់ ហើយដែរ។

ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញ អ្នកនាង យក់ ឋិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ត្រូវបានអញ្ជើញចូលរួមកម្មវិធីកិច្ចសម្ភាសន៍ក្នុងកម្មវិធី 3FUN ដែលបាននិយាយរៀបរាប់ពីរឿងរ៉ាវជីវិតឯកជនរបស់អ្នកទាំងពីរជាច្រើន ព្រមទាំងបានគាស់កកាយពីប្រវត្តិស្នេហារបស់អ្នកទាំងពីរចែកជូនមកដល់មហាជនផងដែរ។

យ៉ាងណាមិញ ក្នុងវីដេអូនៃកិច្ចសម្ភាសន៍នេះ អ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺក្រោយបានស្ដាប់កិច្ចសម្ភាសន៍ចាប់ពីនាទី ៣៧:០០ ដែលអ្នកនាង យក់ ឋិតរដ្ឋា បានទម្លាយខ្ទេចឲ្យដឹងថា មុននឹងជំពប់ស្នេហ៍ជាមួយស្វាមី គឺអ្នកនាងធ្លាប់ស្អប់ស្វាមីរបស់អ្នកនាងខ្លាំង ខណៈពេលដែលអ្នកនាងទៅសាកសំឡេងដើម្បីចូលក្នុងក្រុមចម្រៀង EVBAND ដោយគ្រាដំបូងដែលជួប លោក ឃុំ ប៉ុណ្ណាដែត អ្នកនាងមានអារម្មណ៍មិនចូលចិត្តគាត់សោះតែម្តង។

រួមជាមួយគ្នានេះផងដែរ អ្នកនាងបានប្រាប់ឲ្យដឹងទៀតថា ព្រោះពេលនោះស្វាមីរបស់នាង ជាអ្នកជួយស្ដាប់អ្នកនាងសាកសំឡេង និងនិយាយបញ្ចេញមតិពីការច្រៀងរបស់នាង ដោយសារតែអារម្មណ៍របស់អ្នកនាង អត់ចូលចិត្តអ្នកណាមកចាំមើល ឬផ្ចង់លើអ្នកនាង និងថានេះថានោះបានជាធ្វើឲ្យអ្នកនាងមិនចូលចិត្តគាត់បែបនេះ។

ទន្ទឹមនឹងនេះផងដែរ ប្តីប្រពន្ធមួយគូនេះ ក៏បានរៀបរាប់ឲ្យដឹងបន្តទៀតថា ក្រោយពីបានក្លាយជាតារាចម្រៀងរួមក្រុមជាមួយគ្នាហើយ អ្នកទាំងពីរ ក៏បានក្លាយជាមិត្តនឹងគ្នា ស្វែងយកចិត្តគ្នារហូតមានចិត្តលើគ្នាទៅវិញទៅមក និងបានចាប់ផ្តើមសាងទំនាក់ទំនងស្នេហារហូតបានរៀបការនឹងគ្នា៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

Comments are closed, but trackbacks and pingbacks are open.