អណ្ដាតលែងដឹងរសជាតិ ត្រចៀក​ស្ដាប់​មិន​សូវ​បាន អាចមកពីកង្វះវីតាមីន B12

B12 ជា​វីតាមីន​សំខាន់​ខ្លាំងណាស់ វា​តួនាទី​​ក្នុង​ការ​ផលិត​កោសិកា​ឈាម​ក្រហម និង DNA ថែមទាំង​ជួយ​ចរន្ត​ឈាម ឲ្យ​បញ្ជូន​អុកស៊ីសែន ទៅ​រាងកាយ​គ្រប់​ផ្នែក។ វីតាមីន B12 ជាប្រភេទវីតាមីនដែលរលាយក្នុងទឹក និងជាទូទៅវីតាមីននេះប្រេីដេីម្បីជំនួយកម្លាំង។ ​លោក​វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​រាងកាយ​យើង​ខ្វះ​វីតាមីន B12 នោះ​សកម្មភាព​ប្រចាំថ្ងៃ ពិតជា​មិន​ប្រក្រតី។
វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា កាលណា​ខ្វះ​វីតាមីន B12 យើង​នឹង​ជួប​បញ្ហា​គ្មាន​កម្លាំង​កំហែង ខ្សោយ រហូត​ក្លាយ​ជា​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ទៀត​ផង។ វីតាមីន B12 ភាគច្រើនមាននៅក្នុងឈីស សាច់ត្រី សត្វ​មាន​សំបក សាច់​គោ និងផលិតផលធ្វើពីទឹកដោះគោជាដើម ហើយបើ​និយាយ​ពី​មុខងារ​របស់​វីតាមីន B12 វិញ​ មាន​ច្រើន​យ៉ាង​ណាស់៖
– ជួយ​ចលនា​ឈាម​រត់​ស្រួល
– ជួយ​ដល់​ការ​រំលាយ​អាហារ
– ជួយ​រាងកាយ​ស្រូប​ជាតិ​ដែក​បាន​ល្អ
– បង្កើន​កោសិកា​ឈាម​ក្រហម
– កាត់​បន្ថយ​ខ្លាញ់ និង​កាបូអ៊ីដ្រាត​មិន​ល្អ
– បង្កើន​អ័រម៉ូន​សម្រួល​ដល់​ប្លោកនោម។
ចំពោះ​រោគសញ្ញា​ដែល​បង្ហាញ​ថា យើង​កំពុងមាន​បញ្ហា​​ខ្វះ​វីតាមីន B12 ក្នុង​រាងកាយ​មែន​នោះ នឹង​មាន​ប្រតិកម្ម​ដូចខាងក្រោម៖
– នៅ​ក្មេង​សោះ ប៉ុន្តែ​ឧស្សាហ៍​ភ្លេចភ្លាំង តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ
– មាន​បញ្ហាស្ពឹក​ៗ និង​ភ្ញាក់​កន្ទ្រាក់​ៗ ដោយសារ​តែ​កង្វះ​វីតាមីន B12 បណ្ដាល​ឲ្យ​ខូច​សរសៃប្រសាទ
– ពិបាក​បើក​ភ្នែក ទាំង​មិន​ងងុយ​គេង
– ស្បែក​ស្លេក និង​ប្រែ​ទៅ​ជា​លឿង ព្រោះ​កោសិកា​ឈាម​ធ្លាក់​ចុះ
– អណ្ដាត​បាត់បង់​រសជាតិ
– ត្រចៀក​ស្ដាប់​មិន​សូវ​បាន​ល្អ
– មាន​អារម្មណ៍​មិន​ល្អ ខ្វល់ខ្វាយ​ច្រើន ដោយសារ​កង្វះ​វីតាមីន B12 បណ្ដាល​ឲ្យ​អ័រម៉ូន​ដែល​ធ្វើឲ្យ​យើង​រីករាយដូចជា Dopamine និង Serotonin ផលិត​មិន​បាន​គ្រប់គ្រាន់។

Comments are closed, but trackbacks and pingbacks are open.