គួរអាន! បើមិនចង់ធាត់ជ្រុល បញ្ឈប់ទម្លាប់ពេលព្រឹកទាំងនេះភ្លាម
អ្នកឈប់ទទួលទានអាហារសម្បូរជាតិខ្លាញ់មិនល្អ និងជាតិផ្អែមយូរហើយ, អ្នកតែងហាត់ប្រាណទៀងទាត់ ហើយអ្នកក៏បានព្យាយាមខ្លាំងមែនទែនដើម្បីសម្រកទម្ងន់ ប៉ុន្តែវាហាក់ដូចជាមិនបានផលល្អសោះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តាមពិតទៅ មនុស្សភាគច្រើនមិនបានគិតដល់ទេថាទម្លាប់ធម្មតាមួយចំនួននៅពេលព្រឹក គឺជាដើមហេតុដែលរារាំងយពួកគេមិនឱ្យទទួលបាននូវរូបរាងស្រស់ស្អាតដូចបំណង។ ខាងក្រោមវេបសាយវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ពេលព្រឹកចំនួន ៥ ដែលអ្នកគួរបោះបង់ចោលភ្លាម ប្រសិនបើចង់រក្សាបាននូវរាងស្លីមស្រស់ស្អាត ៖
១. គេងច្រើនពេក
ជាមួយនឹងការគេងបានតិចពេកនោះរាងកាយរបស់អ្នក គឺងាយនឹងផលិតអ័រម៉ូនស្ត្រេស cortisol ដែលបង្កើនចំណង់អាហារ។ ទោះជាយ៉ាងណា ការគេងច្រើនពេកក៏ប្រហែលជាមិនប្រសើរអ្វីដែរចំពោះអ្នក។ យោងការសិក្សាស្រាវជ្រាវថ្មីមួយដែលធ្វើឡើងដោយទស្សនាវដ្តីវេជ្ជសាស្ត្ដ៏ល្បីរបស់សហរដ្ឋអាមេរិក PLOS One បានឱ្យដឹងថា ការគេងលើសពី ១០ ម៉ោងក្នុងមួយយប់អាចបណ្ដាលឱ្យសន្ទស្សន៍ម៉ាសរាងកាយឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ដូច្នេះហើយទើបអ្នកជំនាញផ្នែកសុខភាពជាច្រើនណែនាំឱ្យគេងត្រឹមពី ៧ ទៅ ៩ ម៉ោង រាល់យប់។
២. គេចមិនត្រូវពន្លឺព្រះអាទិត្យពេលព្រឹក
ចូរបើកវាំងនន ឬបង្អួចភ្លាមបន្ទាប់ពីក្រោកឡើង។ ការសិក្សាស្រាវជ្រាវមួយនៅក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រដ៏ល្បីរបស់សហរដ្ឋអាមេរិក PLOS One បានរកឃើញថា រលកពន្លឺពណ៌ខៀវនៃព្រះអាទិត្យពេលព្រឹកព្រលឹមជួយបង្កើនការរំលាយអាហារ និងដាស់រាងកាយឱ្យភ្ញាក់ស្វាង។ ត្រឹមរយៈពេលពី ២០ ទៅ ៣០ នាទី នៃពន្លឺថ្ងៃ គឺគ្រប់គ្រាន់ហើយក្នុងការផ្ដល់ឥទ្ធិពលលើសន្ទស្សន៍ម៉ាសរាងកាយ។
៣. មិនរៀបចំកន្លែងគេង
ស្ដាប់ទៅហាក់ដូចជាចម្លែកបន្តិច ប៉ុន្តែវាជាការពិត។ ការសិក្សាស្រាវជ្រាវមួយដោយអ្នកជំនាញខាងផ្នែកដំណេករបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា អ្នកដែលរៀបចំកន្លែងគេងស្អាតត្រឹមត្រូវអាចគេងលក់បានស្កប់ពេញលេញ។ ហើយការគេងបានស្កប់គ្រប់គ្រាន់ គឺជាមធ្យោបាយដ៏ប្រសើរបំផុតដើម្បីឆ្ពោះទៅរកទម្ងន់ដែលមានសុខភាពល្អសាកសម។
៤. ភ្លេចថ្លឹងទម្ងន់ខ្លួនឯង
អ្នកស្រាវជ្រាវជាច្រើនមកពីសកលវិទ្យាល័យ Cornell University ក្នុងទីក្រុងញ៉ូវយកបានបង្ហាញថា ការថ្លឹងទម្ងន់ជាប្រចាំ គឺជាតិចនិកដ៏ប្រសើរដែលជួយលើកទឹកចិត្ត ឬជម្រុញដល់ការសម្រកទម្ងន់។ ហើយពេលវេលាដ៏ល្អបំផុតមួយដើម្បីថ្លឹងទម្ងន់នោះ គឺពេលព្រឹកមុនពេលអ្នកទទួលទានអាហារ ឬភេសជ្ជៈអ្វី។ នោះក៏ព្រោះតែអ្នកបាត់បង់ទម្ងន់នៃជាតិទឹកពេញមួយយប់ ដូច្នេះអ្នកនឹងទទួលបានទម្ងន់ត្រឹមត្រូវបំផុត ប្រសិនបើថ្លឹងនៅពេលព្រឹក។
៥. ទទួលទានអាហារពេលព្រឹកតិចពេក
ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Tel Aviv University អ៊ីស្រាអែលបានបង្ហាញថា អ្នកគួរតែទទួលទានអាហារពេលព្រឹកឆ្ងាញ់ៗឱ្យបានច្រើនគ្រប់គ្រាន់។ ហើយអាហារពេលព្រឹកដែលមានតុល្យភាព គឺមានផ្ទុក ៦០០ កាឡូរីនៃជាតិប្រូតេអ៊ីន, កាបូអ៊ីដ្រាត និងបង្អែមខ្លះដែលនឹងធ្វើឱ្យងាយស្រួលក្នុងការតាមដាន ឬអនុវត្តន៍តាមផែនការនៃរបបអាហារប្រចាំថ្ងៃ៕
Comments are closed, but trackbacks and pingbacks are open.