ប្រភេទថ្នាំដែលត្រូវប្រើ និងវិធីសាស្ត្រ៨ចំណុចសម្រាប់អ្នកជំងឺកូវីដ១៩តាមដាននៅតាមផ្ទះ
រាជធានីភ្នំពេញ ៖ ដោយសារតែការឆ្លងកូវីដ-១៩ មានចំនួនច្រើននៅរាជធានីភ្នំពេញ ខណៈកន្លែងសម្រាកព្យាបាលមានការខ្វះខាតនោះ ក៏មានអ្នកវិជ្ជមានកូវីដ-១៩ មួយចំនួន កំពុងរង់ចាំគ្រូពេទ្យទៅទទួលយកមកសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យដែលរាជរដ្ឋាភិបាលបានរៀបចំ ។ ដូច្នេះខណៈអ្នកជំងឺកូវីដ-១៩ កំពុងនៅផ្ទះ ដោយគ្រូពេទ្យពុំទាន់ទទួលយកទៅដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រសួងសុខាភិបាលបានណែនាំនូវប្រភេទថ្នាំនិងវិធីទាំង៨ ចំណុចដើម្បីឱ្យអ្នកជំងឺ តាមដានរោគសញ្ញានិងការថែទាំព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ ។
ជាក់ស្តែង យោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ១៥ ខែមេសានេះបានឱ្យដឹងថា មានអ្នកជំងឺកូវីដ-១៩ ដល់ទៅ ១៦៥៥ នាក់ ក្នុងនោះមានស្ត្រីចំនួន ១១៣១ នាក់ កំពុងរង់ចាំបញ្ជួនទៅសម្រាកព្យាបាល ដោយសារតែពេលនេះ ពុំទាន់មានកន្លែងសម្រាកព្យាបាលនោះទេ ។
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ឱ្យដឹងថា ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកើនឡើងច្រើន ហើយទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត ក្រសួងសុខាភិបាលកំពុងតែបន្តរៀបចំទីកន្លែងជាបន្តបន្ទាប់ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីយកអ្នកជំងឺកូវីដ-១៩មកសម្រាកព្យាបាល ។ ទន្ទឹមនឹងនោះសម្រាប់អ្នករកឃើញវិជ្ជមានកូវីដ-១៩ មួយចំនួនដែលមិនទាន់ត្រូវបានក្រុមគ្រូពេទ្យទៅទទួលយកមកសម្រាកព្យាបាល ហើយបន្តស្នាក់នៅក្នុងផ្ទះនៅឡើយនោះ ក្រសួងសុខាភិបាលបានណែនាំឱ្យអនុវត្តនូវវិធានមួយចំនួនជាចាំបាច់ ដើម្បីបង្ការការឆ្លងទៅដល់សមាជិកក្នុងគ្រួសារ
លោកជំទាវេជ្ជបណ្ឌិតបានបន្តថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាល សូមបងប្អូន អនុវត្តតាមការណែនាំ ក្នុងការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដែលមានជូនភ្ជាប់ដោយអនុវត្តវិធានសុខាភិបាលក្នុងរយៈពេលព្យាបាលនៅតាមផ្ទះ ដូចខាងក្រោម ៖
1 – ស្នាក់នៅបន្ទប់ដាច់ដោយឡែក មានអនាម័យស្អាត និងមានខ្យល់ចេញ-ចូលល្អ។
2 – ត្រូវពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬអាល់កុល និងរក្សាគម្លាត យ៉ាងតិច ២ម៉ែត។
3 – បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ (សាច់ បន្លែ ផ្លែឈើ និងពិសាទឹកឱ្យបានច្រើន) ។
4 – តាមដានសុខភាពខ្លួនឯង ឱ្យបានញឹកញាប់ទៀងទាត់ជាប្រចាំ
5 – ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
6 – ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ។
7 – ប្រើប្រាស់សម្ភារ និងបោកគក់ដាច់ដោយឡែកពីសមាជិកគ្រួសារនោះទេ។
8 – វេចខ្ចប់សំរាមចោលឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែក។
សូមអានប្រកាសរបស់ក្រសួងដើម្បីបានដឹងលម្អិតអំពីប្រភេទថ្នាំ ដែលត្រូវប្រើប្រាស់និងស្ថានភាពបែបណាដែលត្រូវប្រើ ឬមិនត្រូវប្រើថ្នាំ ពេលសម្រាកព្យាបាលនៅផ្ទះ ៖
Comments are closed, but trackbacks and pingbacks are open.