អបអរសាទរ!! ទីបំផុត ឥណ្ឌា អនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ ដើម្បីព្យាបាលជំងឺកូវីដ-១៩ហើយ…
ថ្នាំគ្រាប់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលបង្កើតឡើងដោយអង្គការស្រាវជ្រាវនិងអភិវឌ្ឍន៏ការពារជាតិ (DRDO) ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ដោយស្ថាប័នត្រួតពិនិត្យឱសថកំពូលរបស់ប្រទេសឥណ្ឌា។
ការអនុម័តនេះបានធ្វើឡើង ស្របពេលប្រទេសឥណ្ឌា កំពុងប្រយុទ្ធនឹងជំងឺរាតត្បាតកូវីដ-១៩រលកទី២ដ៏សាហាវ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។
មន្ទីរពិសោធន៍ DRDO និងក្រុមហ៊ុន Dr Reddy’s Laboratories ដែលមានមូលដ្ឋាននៅទីក្រុង Hyderabad បានផលិតថ្នាំព្យាបាលកូវីដនេះ ដែលមានឈ្មោះថា 2-deoxy-D-glucose (2-DG)។
ស្ថាប័នត្រួតពិនិត្យឱសថទូទៅនៃប្រទេសឥណ្ឌា (DCGI) បានបើកភ្លើងខៀវចំពោះថ្នាំនេះ បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តបង្ហាញថា ម៉ូលេគុលដែលមាននៅក្នុងថ្នាំនេះ បានជួយពន្លឿនដល់ការព្យាបាលឲ្យជាសះស្បើយចំពោះអ្នកជំងឺនៅមន្ទីរពេទ្យ និងកាត់បន្ថយការពឹងផ្អែកលើអុកស៊ីសែន។
នៅថ្ងៃសៅរ៍ទី៨ខែឧសភានេះ ប្រទេសឥណ្ឌាបានកត់ត្រាអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ ជាង ៤,០០០នាក់ក្នុងមួយថ្ងៃ ជាលើកដំបូង។
ចំនួនអ្នកស្លាប់ថ្មី ៤,១៨៧នាក់ បាននាំឲ្យចំនួនអ្នកស្លាប់សរុបរបស់ប្រទេសឥណ្ឌាកើនឡើងដល់ ២៣៨,២៧០នាក់ គិតចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង។ ការឆ្លងថ្មីចំនួន ៤០១,០៧៨ករណីទៀត ត្រូវបានកត់ត្រាក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលធ្វើឲ្យចំនួនករណីសរុបកើនដល់ជិត ២១.៩លានករណី។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានសម្តែងការសង្ស័យអំពីចំនួនអ្នកស្លាប់ផ្លូវការ ហើយពួកគេនិយាយថា ប្រទេសឥណ្ឌាមិនទាន់ឈានដល់ចំណុចកំពូលនៃការឆ្លងនៅឡើយទេ រហូតដល់ចុងខែឧសភាឯណោះ៕ ប្រភព៖ កម្ពុជាថ្មី
Comments are closed, but trackbacks and pingbacks are open.