មនុស្សគ្មានចិត្តលោភលន់បែបនេះនៅមានទៀតអត់? រើសបានលុយជាង ១ពាន់ដុល្លារ បែរជាថតវីដេអូប្រកាសរកម្ចាស់លុយ គ្មានចិត្តចង់បានរបស់គេអីបន្តិច

មនុស្សមិនមានចិត្តលោភលន់ចង់បានរបស់ទ្រព្យអ្នកដទៃ ដូចជាចៃដន្យរើសលុយបានតាមផ្លូវជាដើម មកធ្វើជារបស់ទ្រព្យខ្លួន គឺកម្រមានណាស់ ប៉ុន្តែ ផ្ទុយទៅវិញ មនុស្សភាគច្រើន គឺមានតែការចង់បានសម្ងំស្ងាត់ប៉ុណ្ណោះ។

តែយ៉ាងណាមិញ សម្រាប់បុរសម្នាក់ បានកំពុងទទួលការកោតសរសើរជាខ្លាំង ចំពោះទឹកចិត្តដ៏កម្ររករបស់គាត់ ដែលបានរើសលុយគេបានតាមផ្លូវ ទាំងលុយដុល្លារ និងលុយខ្មែរ សរុបជាង ១ពាន់ដុល្លារ ប៉ុន្តែ បែរជាគាត់មិនមានចិត្តចង់បាន ហើយថែមទាំងថតវីដេអូប្រកាសតាមហ្វេសប៊ុក ឲ្យម្ចាស់លុយបានដឹងផងដែរ។

បុរសចិត្តបុណ្យរូបនេះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ ជូន រិទ្ធី បានប្រាប់ឲ្យដឹងថា គាត់រើសបានកាបូបមួយនៅតាមផ្លូវ ហើយក្នុងកាបូបនោះមានលុយទាំងដុល្លារ និងខ្មែរសរុបជាង ១ពាន់ដុល្លារ។

ក្រៅពីនេះ ក្នុងកាបូបនោះក៏មានកាតចាក់វ៉ាក់សាំង និងអត្តសញ្ញាណប័ណ្ណ១សន្លឹកផងដែរ។ តាមរយៈអត្តសញ្ញាណប័ណ្ណ ម្ចាស់កាបូបលុយមានឈ្មោះ ណុប ផាន មានទីលំនៅភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។

បន្ទាប់ពីទាក់ទង តាមរយៈលេខទូរស័ព្ទនៅលើកាតចាក់វ៉ាក់សាំង បុរសខាងលើចិត្តល្អ បានប្រាប់ថា គាត់បានប្រគល់ជូនម្ចាស់ដើមវិញហើយ និងព្រមទាំងថតរូបបង្ហាញផងដែរ។

ក្រោយពីបានឃើញទឹកចិត្តល្អបែបនេះ អ្នកលេងបណ្តាញសង្គម សម្តែងការកោតសរសើរព្រោងព្រាតថា៖ «សូមសរសើបងប្រុស ទឹកចិត្តល្អ កម្ររកបានមែន, មិនងាយរកបានមនុស្សចិត្តល្អចឹងទេ សូមឲ្យជួបតែរឿងល្អក្នុងជីវិត, មនុស្សចិត្តបុណ្យរកពិបាកណាស់លើលោកនេះ,សាងល្អបានល្អ,…»។ ហើយនៅពេលសរសើរថា «បុគ្គលល្អក្នុងលោកមែន» គាត់ក៏បានឆ្លើយតបថា «ព្រោះជារបស់គេញើសឈាមគេខំរកមកយ៉ាងលំបាក កុំចង់បានរបស់គេអីណាប្អូនប្រុស»៕

Comments are closed, but trackbacks and pingbacks are open.