ក្រសួងបង្ហាញបុគ្គលទាំងនេះមិនអាចចាក់វ៉ាក់ស៊ាំងការពារកូវីដ១៩(Sinopharm)បានទេ
កាលពីថ្ងៃទី២៦ មីនា ២០២១កន្លងមកនេះវ៉ាក់ស៊ាំងស៊ីណូវ៉ាក់ចំនួន១លាន៥សែនដូសដែលរដ្ឋាភិបាលកម្ពុជាបានចំណាយលុយ១៥លានដុល្លារក្នុងការទិញវ៉ាក់ស៊ាំងការពារកូវីដ១៩នេះ ក៏បានមកដល់ប្រទេសកម្ពុជា។ ក្នុងនោះលោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា វ៉ាក់ស៊ាំងស៊ីណូវ៉ាក់ដែលទើបនឹងទិញមកពីប្រទេសចិននេះមានលក្ខណៈស្រដៀងនឹងវ៉ាក់ស៊ាំងស៊ីណូហ្វាមផងដែរ ហើយស៊ីណូវ៉ាក់នឹងចាប់ផ្តើមចាក់នៅថ្ងៃស្អែកនេះ ទី១ ខែមេសា ឆ្នាំ២០២១។
នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងបានប្រកាសដែលថា កន្លងមកវ៉ាក់ស៊ាំងស៊ីណូហ្វាម ត្រូវការចាក់សរុបមានចំនួនពីរស្កុល( ឬ ពីរដូស) ដែលការចាក់ពីរម្ជុលនេះមានចន្លោះពេលវេលាពីគ្នា ពី ១៥ថ្ងៃ ដល់ ២៨ថ្ងៃ។ ក្នុងនោះចំពោះបុគ្គលដែលមានលក្ខណៈ ឬ អាការៈដូចខាងក្រោមនេះ មិនទាន់អាចចាក់វ៉ាក់ស៊ាំងស៊ីណូហ្វាម( Sinopharm, Beijing Institute of Biological Products Co., Ltd) បាននោះទេ។ បុគ្គលទាំងនោះរួមមាន៖
១.បុគ្គលមានអាយុក្រោម ១៨ឆ្នាំ ឬ ចាប់ពី ៦០ឆ្នាំឡើង
២.បុគ្គលដែលមានអាការៈក្តៅខ្លួន
៣.បុគ្គលដែលមានជំងឺផ្លូវដង្ហើម (Acute respiratory disease) និងជំងឺហឺត (Asthma)
៤.បុគ្គលដែលមានជំងឺរ៉ាំរៃធ្ងន់ធ្ងរ ឬ មានជំងឺរ៉ាំរៃដែលឧស្សាហ៍ធ្វើទុក្ខ។
៥.បុគ្គលដែលមានជំងឺអាឡាក់ស៊ី (Allergic) ដូចជា៖ ប្រតិកម្មអាឡាក់ស៊ី ជំងឺប្រទាលត្រអាក (Angioedema )។
៦.បុគ្គលដែលមានប្រវត្តិប្រតិកម្មជាមួយនឹងវ៉ាក់សាំង៖ អ្នកវិទ្យាសាស្រ្តបានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩នេះមានសារធាតុផ្សំ (ជាបំណែកវីរុសកូវីដ-១៩ ដែលបាន សម្លាប់រួច WIV04 និងសារធាតុផ្សំ៖ សូដ្យូមអុកស៊ីត “Sodium 0xide” ឌីសូដ្យូមប៉ីដ្រូហ្សែនផូស្វាត “Sodium, Dihydrogen phosphate” អាលុយមីញ៉ូមអ៊ីដ្រូហ្សែន “Aluminium Hydrogen”) ដូចនេះអ្នកដែលមាន ប្រតិកម្មជាមួយវ៉ាក់សាំង ឬ បុគ្គលដែលមានប្រតិកម្មធ្ងន់ធ្ងរពេលចាក់ម្ជុលលើកទីមួយ ឬ បុគ្គលនោះអាចមាន ចេញអាការៈប្រតិកម្មផ្នែកប្រព័ន្ធប្រសាទ បុគ្គលនោះមិនត្រូវចាក់វ៉ាក់សាំងម្តងទៀតនោះទេ។
៧.អ្នកមានជំងឺថ្លើម និងតម្រងនោមធ្ងន់ធ្ងរ អ្នកមានជំងឺលើសឈាមដែលប្រើថ្នាំគ្រប់គ្រងលែងបាន អ្នកមានជំងឺទឹកនោមផ្អែម និងអ្នកមានជំងឺដុំសាច់មហារឹក។
៨.ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលបំបៅដោះកូន ឬ ស្រ្តីមានផែនការពរពោះក្នុងរយៈពេល ៣ខែ។
៩.អ្នកមានជំងឺប្រកាច់ (កន្ត្រាក់) មានជំងឺឆ្កួតជ្រូក (ស្គន់) មានជំងឺសរសៃប្រសាទ ឬ ជំងឺរលាកស្រោមខួរ ឬ មានជំងឺតំណពូជ និងអ្នកជំងឺស្កន់ដែលមិនអាចគ្រប់គ្រងបាទ ឬ អ្នកដែល មានបញ្ហាប្រព័ន្ឋសរសៃប្រសាទ ឬ មានប្រវត្តិជំងឺសរសៃប្រសាទ “Guillain-Barre Syn drome” ជាដើម។
១០.អ្នកដែលពិនិត្យឃើញមានជំងឺកង្វះភាពផ្សាពីកំណើត (Immune deficiency) អ្នកផ្ទុកមេរោគអេដស៍ អ្នកមានជំងឺមហារីកកូនកណ្តុរ (Lymphoma) អ្នកមានជំងឺឈាមស ឬ មានជំងឺភាពស៊ាំ(Autoimmune)
១១.អ្នកដែលប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំប្រឆាំងនឹងជំងឺមហារីកដុំសាច់ (ថ្នាំគីមី បញ្ចាំងកាំរស្មី… )
១២.អ្នកមានប្រវត្តិឆ្លងជំងឺកូវីដ-១៩
១៣. អ្នកដែលត្រូវបានគ្រូពេទ្យព្យាបាល ឬ បុគ្គលិកចាក់វ៉ាក់សាំងបញ្ជាក់ថាមិនគួរចាក់វ៉ាក់សាំង
១៤.បុគ្គលដែលមិនស្ម័គ្រចិត្តចាក់វ៉ាក់សាំង
ករណីបងប្អូនមានអាការ ឬប្រវត្តិដូចបានរៀបរាប់ខាងលើ នោះលោកអ្នកមិនគួរទទួលវ៉ាក់ស៊ាំងកូវីដ១៩នោះទេ តែទោះបីជាយ៉ាងនេះក្តីមុនពេលចាក់វ៉ាក់ស៊ាំងគ្រូពេទ្យនឹងធ្វើការតេស្តសុខភាពជាមុនសិនដើម្បីប្រាកដចិត្តថាពួកគាត់ពិតជាអាចទទួលបានការចាក់វ៉ាក់ស៊ាំង ហើយក្នុងករណីសុខភាពពលរដ្ឋមិនត្រូវតាមវេជ្ជបញ្ជានោះពេទ្យមិនអនុញ្ញាតឱ្យចាក់នោះទេ៕
Comments are closed, but trackbacks and pingbacks are open.