រដ្ឋបាលស្រុកជីក្រែងសហការជាមួយមន្ទីរបរិស្ថាននិងប្រជាពលរដ្ឋគ្រោងនិងកែប្រែតំបន់អភិរក្សពូជឈើធ្នងទៅជារមណីដ្ឋានទេសចរណ៍ធម្មជាតិ

រដ្ឋបាលស្រុកជីក្រែង សហការជាមួយមន្ទីរបរិស្ថានខេត្ត និងប្រជាពលរដ្ឋ កំពុងរៀបចំ កែប្រែ តំបន់អភិរក្សពូជឈើធ្នងទៅជារមណីដ្ឋានទេសចរណ៍ធម្មជាតិមួយ ដើម្បីទាក់ទាញភ្ញៀទេសចរនិងដើម្បីអភិរក្សនិងទប់ស្កាត់ការកាប់ទន្រ្ទានតំបន់អភិរក្សពូជឈើធ្នងនិងឈើចម្រុះនានាពីសំណាក់ជនខិលខូចមួយចំនួន ។អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
លោកធូ ចន្ថុល អភិបាលរងនៃគណៈអភិបាលស្រុកជីក្រែងបានថ្លែងប្រាប់ វិទ្យុជាតិកម្ពុជាអោយដឹងថា តំបន់អភិរក្សពូជឈើធ្នង និងដើមឈើចម្រុះនានា មានផ្ទៃដីគ្របដណ្តប់ចំនួនជាង២០០ហិតា ដែលទីនោះសុទ្ធសឹងតែជាតំបន់ជួរភ្នំ វត្តអារាមជាទីសក្ការៈបូជា តំបន់ទឹកជប់ ដែលមិនចេះរីងស្ងួត និងអមទៅដោយធម្មធានធម្មជាតិនានា គួរជាទីគយគនរបស់ភ្ញៀវទេសចរ។
លោកបន្តថា ដោយមើលឃើញពីសក្តានុពលទេសចរណ៍ និងដើម្បីទប់ស្កាត់ការលួចកាប់ទន្រ្ទានព្រៃឈើ ពីសំណាក់ជនខិលខូចផងនោះ រដ្ឋបាលស្រុក សហការជាមួយស្ថាប័ន ពាក់ព័ន្ធគ្រោងនិងក្រែប្រែទីតាំងនេះ ឲ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិនានាពេលឆាប់ៗខាងមុខ។
សំឡេង៖ ស្ថានភាពនៅតំបន់នោះ ជាតំបន់ជួរភ្នំ ព្រៃឈើ អមដោយធម្មធានធម្មជាតិគួរឲ្យទាក់ទាញ នៅតំបន់ឃុំខ្វាវហ្នឹង តែអ្វីដែលជាចំណុចចាប់ផ្តើម គឺផ្លូវចូលសិន ពីផ្លូវជាតិលេខ៦ ពីកំពង់ក្តីទៅ ដល់ទីប្រជុំជនឃុំខ្វាវ ៤០គីឡូ ចាប់ពីទីប្រជុំជនខ្វាវដល់វត្តពើងបាក់រទះ ជាទីសក្ការៈបូជា បែបសាសនាយើង គឺ១៤គីឡូម៉ែត្រ រដ្ឋបាលស្រុកនិងគ្រោងធ្វើជាតំបន់ទេសចរណ៍ធម្មជាតិ មានសក្តានុពល គឺឃុំខ្វាវមានភ្នំខ្សាក់ មានទេសភាពជួរភ្នំ និងធនធានធាន ធម្មជាតិ ទី២គឺចំការធ្នង់ មានចំនួនជាង២០០ហិតា តែនៅសល់ជាង១៥០ហិតា ដោយសារការអាស្រ័យផលធ្វើកសិកម្មរបស់ប្រជាពលរដ្ឋ តែមិនមែនមានពូជធ្នងតែមួយទេហើយមានតំបន់ទឹកជប់ ទឹកអត់ដែលរីងទេ មានតំបន់មួយទៀតគឺ ជើងភ្នំជាំប៉ាប មានទេសភាពគួរឲ្យទស្សនា ហើយនិងបានទៅដល់ គោលដៅរមណីដ្ឋានវត្តពើងតែម្តង ដែលជាកន្លែងសក្ការៈរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
សូមជម្រាបថា តំបន់ធនធានធម្មជាតិ ចំការពូជឈើធ្នង់និងដើមឈើចម្រុះ មានទីតាំងស្ថិតនៅចំណុចវត្តពើងបាក់រទេះ ក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចំងាយប្រមាណ៥០គីឡូម៉ែត្រពីទីរួមស្រុកជីក្រែង៕

Comments are closed, but trackbacks and pingbacks are open.