តើអូរ៉ាលសិចមានហានីភ័យឆ្លងរោគកម្រិតណា?

អូរ៉ាលសិច ឬការ​រួម​សិច​តាម​មាត់សំដៅ​ទៅ​លើ​ការ​ប្រើ​ប្រាស់​មាត់ឬអណ្តាតទៅ​ប៉ះពាល់ប្រដាប់ភេទ​បុរសឬស្រ្តី ឬក៏រន្ធទ្វាក្រោយ។ គិត​មក​ដល់​ពេល​នេះ​ទៅ​ហើយ មាន​មនុស្ស​ជា​ច្រើន​មិន​ទាន់​មាន​ការ​យល់ដឹង​អំពី​ការ​អនុវត្ត​បែបនេះ ដោយ​សារ​តែ​ការ​ខ្មាស​អៀនមិន​ហ៊ាន​សួរ​គ្រូពេទ្យ​ឬអ្នក​ជំនាញ​ដែលធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​មុខ​នឹង​ជំងឺកាមរោគ​នានា

យោងទៅ​តាម​ការ​ឲ្យដឹងរបស់​មជ្ឈមណ្ឌលការពារនិង​គ្រប់​គ្រង​ជំងឺ មាន​មនុស្ស​មួយ​ចំនួន​បាន​ឆ្លងមេរោគ​អេដស៍​តាមរយៈការ​ធ្វើ​អូរ៉ាលសិច ក៏ប៉ុន្តែ​គេ​មិន​ធ្លាប់​បាន​ឃើញ​ករណី​ដែល​អ្នកទទួល​អូរ៉ាលសិច​ឆ្លង​មេរោគអេដស៍​នោះ​ឡើយ។

ក្រុម​អ្នក​ជំនាញ​បាន​ឲ្យដឹងថា អូរ៉ាលសិច​ដែល​មិន​បាន​ការពារ​មាន​ហានីភ័យ​ឆ្លងមេរោគអេដស៍​ទាបជាង​ទង្វើ​ផ្លូវភេទ​ដទៃទៀត ក៏ប៉ុន្តែ​គ្រប់​គ្នា​បាន​ព្រមព្រៀងថា ដៃគូ​ដែល​ធ្វើអូរ៉ាលសិច​អាច​ឆ្លង​មេរោគ​អេដស៍​ដោយ​សារ​តែ​វា​បានប្រសិន​ជា​គ្មាន​ការ​ការពារ​ជា​ពិសេស​នៅពេល​ដែលដៃ​គូ​ដែល​មាន​ផ្ទុក​មេរោគ​បញ្ចេញ​ទឹក​កាម​ក្នុង​មាត់​របស់​គាត់។ ​

ការ​ផ្តល់អូរ៉ាលសិច​ទៅ​ដល់​បុរស​ត្រូវ​បាន​គេ​បង្ហាញថា មាន​ហានីភ័យ​មួយ​ចំនួនទោះ​បីជាអ្នក​វិទ្យាសាស្រ្ត​ភាគច្រើន​យល់​ថា មាន​ភាគរយ​ទាបក៏ដោយ។ កត្តា​មួយចំនួន ដូចជាការ​មាន​ស្នាម​ដាច់​រលាត់ ឬពងបែក ទោះបីជាតូចយ៉ាងណាក៏ដោយ​នៅក្នុង​មាត់ អាច​បង្កើន​ឱកាស​នៃ​ការ​ឆ្លងមេរោគ​កាន់តែខ្ពស់។ ដើម្បី​សុវត្ថិភាព ដៃគូ​គួរចៀសវាងឲ្យ​ដៃគូម្ខាងទៀត​បញ្ចេញទឹកកាម​នៅ​ក្នុង​មាត់ ដោយ​បញ្ឈប់​សកម្មភាព​មុន​ពេលវា​កើត​ឡើង ឬប្រើប្រាស់​ស្រោម​អនាម័យដែល​គ្មានមេរោគ។

ការ​ធ្វើអូរ៉ាលសិច​ទៅ​លើ​ស្រ្តី ក៏ជា​កត្តា​ហានីភ័យ​ទាប​មួយដែរ។ ភាគរយ​នៃ​ការ​ឆ្លងមាន​កាន់​តែ​ខ្ពស់​ប្រសិន​ជា​ស្រ្តី​មាន​ឈាម​រដូវ មាន​ជំងឺ​កាម​រោគ​ផ្សេងទៀត​ក្រៅ​ពី​ជំងឺ​អេដស៍ ឬ​ក៏​អ្នក​ធ្វើអូរ៉ាលសិច​មាន​ពងបែក ឬ​ស្នាម​ដាច់​រលាត​នៅ​ក្នុង​មាត់។ គេ​អាច​ការពារ​បាន​ដូចគ្នា​ដោយ​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ ឬសម្រាប់​ការពារ​ផ្សេងទៀត​មាន​ផ្លាស្ទិក​ស្អាតជាដើម។

ក្រៅ​ពីជំងឺ​អេដស៍ អូរ៉ាលសិច​ដែល​មិន​មាន​ការ​ការពារ​អាច​បណ្តាល​ឲ្យ​ឆ្លងជំងឺកាមរោគជាច្រើន​ទៀត​ដូចជាជំងឺ​ពងបែក (Herpes) ស្វាយ រោគប្រមះ ថ្លើមប្រភេទអា និង​វីរុស​ដែល​បង្កជា​ឬសលើស្បែក ប៉ារ៉ាស៊ីត​លើ​ប្រដាប់ភេទ និង​ជំងឺ​ផ្សេងៗជា​ច្រើនទៀត៕

Comments are closed, but trackbacks and pingbacks are open.