ការសិក្សាស្រាវជ្រាវ៖ រឿងអាសអាភាសធ្វើឲ្យកុមារយល់ខុសពីទំនាក់ទំនងផ្លូវភេទ
ការសិក្សាស្រាវជ្រាវបានធ្វើការព្រមានថា កុមារភាគច្រើនងាយនឹងឃើញភាពយន្ត ឬ រូបភាពអាសអាភាសនៅលើអ៊ីនធើណេត ដែលអ្នកជំនាញបានអះអាងថា អាចនឹងធ្វើឲ្យពួកគេញៀននឹងរូបភាពបែបនេះដោយមិនដឹងខ្លួន ហើយថែមទាំងអាចធ្វើឲ្យពួកគេមានការយល់ខុសពីទំនាក់ទំនងស្នេហាថែមទៀត។
សាកលវិទ្យាល័យ Middlesex បានរកឃើញថា ជាង ៥៣ ភាគរយនៃកុមារដែលមានអាយុចន្លោះពី ១១ ទៅ ១៦ ឆ្នាំ បានឃើញភាពយន្ត ឬរូបភាពអាសអាភាសនៅលើអ៊ីនធើណេត ហើយសឹងតែទាំងអស់នៃពួកគេ (៩៤ ភាគរយ) បានឃើញវានៅអាយុខ្ទង់ ១៤ ឆ្នាំ។
ការសិក្សាស្រាវជ្រាវមួយទៀតរបស់អង្គការសង្គមការពារកុមារពីអំពើឃោឃៅ (NPSCC) និងអធិការដ្ឋានកុមារដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសដែលប្រើប្រាស់ទិន្នន័យទទួលបានពីកុមារ និងយុវវ័យចំនួន ១,០០១ នាក់ បានបង្ហាញថា យុវវ័យជាច្រើនកំពុងតែប្រឈមនឹងហានិភ័យនៃការញៀននឹងភាពយន្តអាសអាភាសដោយមិនដឹងខ្លួន។
ការសិក្សាក៏បានរកឃើញដែរថា ២៨ ភាគរយនៃពួកគេបានឃើញរូបភាពអាសអាភាស ដោយចៃដន្យនៅក្នុងអ៊ីនធើណេត ឧទាហរណ៍ តាមរយៈការលោតចេញក្នុងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ខណៈមានតែ ១៨ ភាគរយតែប៉ុណ្ណោះដែលស្វែងរកវា។
អ្នកស្រីបណ្ឌិត Elena Martellozzo អ្នកជំនាញម្នាក់ដែលបានចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះបានឲ្យដឹងថា យោងតាមការស្ទង់មតិ រូបភាពអាសអាភាសនៅលើអនឡាញអាចប៉ះពាល់ទៅដល់ការយល់ឃើញចំពោះទំនាក់ទំនងរវាងមនុស្សមានភេទផ្ទុយគ្នារបស់កុមារ។
អ្នកស្រីបញ្ជាក់ថា៖«ក្មេងប្រុសអាចនឹងយល់ច្រលំថា រូបភាពឬភាពយន្តទាំងនេះបង្ហាញពីតថភាពពិតនៃទំនាក់ទំនងផ្លូវភេទ ដែលមានឥទ្ធិពលទៅលើការយល់ឃើញរបស់ពួកគេចំពោះស្រ្តី។ ឯចំណែកក្មេងស្រីវិញ ក៏ពិបាករស់នៅផងដែរជាមួយនឹងរូបភាពដែលពុំឆ្លុះបញ្ចាំងពីការពិត និងការបកស្រាយមិនត្រឹមត្រូវនៃជីវិតផ្លូវភេទ»។
ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់បាននិយាយថា៖ «មិត្តភក្តិរបស់ខ្ញុំម្នាក់បានចាប់ផ្តើមអនុវត្តទៅលើស្រ្តីតាមអ្វីដែលគេឃើញនៅក្នុងវិដេអូ [សិច] តែគ្មានអ្វីធំដុំទេ គ្រាន់តែទះត្រង់នេះត្រង់នោះប៉ុណ្ណោះ»។
ក្មេងស្រីអាយុ១៣ ឆ្នាំម្នាក់ទៀតបាននិយាយ៖ «វា(រូបភាពអាសអាភាស) ធ្វើឲ្យក្មេងប្រុសរកក្មេងស្រីដើម្បីរួមភេទ មិនមែនដើម្បីស្រឡាញ់នោះទេ ហើយវាអាចដាក់សម្ពាធមកលើយើង ឲ្យយើងធ្វើអ្វីមួយដែលខ្លួនយើងមិនបានត្រៀម»។
លោក Peter Wanless នាយកប្រតិបត្តិរបស់ NSPCC បានថ្លែងថា៖ «ក្មេងជំនាន់នេះកំពុងតែបាត់បង់កុមារភាពមុនពេលវេលា ដោយសារភាពយន្តអាសអាភាស ដែលពោរពេញទៅដោយភាពព្រៃផ្សៃ និងអំពើហិង្សា»៕
Comments are closed, but trackbacks and pingbacks are open.