ការសិក្សាស្រាវជ្រាវ៖ រឿងអាសអាភាសធ្វើឲ្យកុមារយល់ខុសពីទំនាក់ទំនងផ្លូវភេទ

ការ​សិក្សា​ស្រាវជ្រាវ​បាន​ធ្វើ​ការ​ព្រមាន​ថា កុមារ​ភាគ​ច្រើន​​ងាយ​នឹង​ឃើញ​ភាពយន្ត ឬ រូបភាព​អាសអាភាស​នៅ​លើ​អ៊ីនធើណេត ដែល​​អ្នក​ជំនាញ​បាន​អះអាង​ថា អាច​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ញៀន​នឹង​រូបភាព​បែប​នេះ​ដោយ​មិន​ដឹង​ខ្លួន ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​យល់​ខុស​ពី​ទំនាក់​ទំនង​ស្នេហា​ថែម​ទៀត។

សាកល​វិទ្យាល័យ Middlesex បាន​រក​ឃើញ​ថា ជាង ៥៣ ភាគរយ​នៃ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី ១១ ទៅ ១៦ ឆ្នាំ បាន​ឃើញ​ភាពយន្ត ឬ​រូបភាព​អាស​អាភាស​នៅ​លើ​អ៊ីនធើណេត ហើយ​សឹង​តែ​ទាំង​អស់​នៃ​ពួក​គេ (៩៤ ភាគរយ) បាន​ឃើញ​វា​នៅ​អាយុ​ខ្ទង់ ១៤ ឆ្នាំ។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ទៀត​របស់​​អង្គការ​សង្គម​ការពារ​កុមារ​ពី​អំពើ​ឃោឃៅ (NPSCC) និង​អធិការដ្ឋាន​កុមារ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​ដែល​ប្រើប្រាស់​ទិន្នន័យ​ទទួល​បាន​ពី​កុមារ និង​យុវវ័យ​ចំនួន ១,០០១ នាក់ បាន​បង្ហាញ​ថា យុវវ័យ​ជាច្រើន​កំពុង​តែ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ញៀន​នឹង​ភាពយន្ត​អាសអាភាស​ដោយ​មិន​ដឹង​ខ្លួន។

ការ​សិក្សា​ក៏​បាន​រក​ឃើញ​ដែរ​ថា ២៨ ភាគរយ​នៃ​ពួក​គេ​បាន​ឃើញ​រូបភាព​អាសអាភាស ដោយ​ចៃដន្យ​នៅ​ក្នុង​អ៊ីនធើណេត ឧទាហរណ៍ តាម​រយៈ​ការ​លោត​ចេញ​ក្នុង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ខណៈ​មាន​តែ​ ១៨ ភាគរយ​តែ​ប៉ុណ្ណោះ​ដែល​ស្វែង​រក​វា។

អ្នកស្រី​បណ្ឌិត Elena Martellozzo អ្នក​ជំនាញ​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​ឲ្យ​ដឹង​ថា យោង​តាម​ការ​ស្ទង់​មតិ រូបភាព​អាសអាភាស​នៅ​លើ​អនឡាញ​អាច​ប៉ះពាល់​ទៅ​ដល់​ការ​យល់​ឃើញ​ចំពោះ​ទំនាក់​ទំនង​រវាង​មនុស្ស​មាន​ភេទ​ផ្ទុយ​គ្នា​របស់​កុមារ។

អ្នកស្រី​បញ្ជាក់​ថា៖«ក្មេង​ប្រុស​អាច​នឹង​យល់​ច្រលំ​ថា រូបភាពឬ​ភាពយន្ត​ទាំង​នេះ​បង្ហាញ​ពី​តថភាព​ពិត​នៃ​ទំនាក់​ទំនង​ផ្លូវ​ភេទ ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ការ​យល់​ឃើញ​របស់​ពួកគេ​ចំពោះ​ស្រ្តី។ ឯ​ចំណែក​ក្មេងស្រី​វិញ ក៏​ពិបាក​រស់​នៅ​ផង​ដែរ​ជាមួយ​នឹង​រូបភាព​ដែល​ពុំ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត និង​ការ​បកស្រាយ​មិន​ត្រឹម​ត្រូវ​នៃ​ជីវិត​ផ្លូវភេទ»។

ក្មេង​ប្រុស​អាយុ ១៣ ឆ្នាំ​ម្នាក់​បាន​និយាយ​ថា៖ «មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​ចាប់​ផ្តើម​អនុវត្ត​ទៅ​លើ​ស្រ្តី​តាម​អ្វី​ដែល​គេ​ឃើញ​នៅ​ក្នុង​វិដេអូ [សិច] តែ​គ្មាន​អ្វី​ធំ​ដុំទេ គ្រាន់តែ​ទះ​ត្រង់​នេះ​ត្រង់​នោះ​ប៉ុណ្ណោះ»។

ក្មេងស្រី​អាយុ​១៣ ឆ្នាំ​ម្នាក់​ទៀត​បាន​និយាយ៖ «វា(រូបភាព​អាសអាភាស) ធ្វើ​ឲ្យ​ក្មេងប្រុស​រក​ក្មេងស្រី​ដើម្បី​រួម​ភេទ មិន​មែន​ដើម្បី​ស្រឡាញ់​នោះទេ ហើយ​វា​អាច​ដាក់​សម្ពាធ​មក​លើ​យើង ឲ្យ​យើង​ធ្វើ​អ្វី​មួយ​ដែល​ខ្លួន​យើង​មិន​បាន​ត្រៀម»។

លោក Peter Wanless នាយក​ប្រតិបត្តិ​របស់ NSPCC បាន​ថ្លែង​ថា៖ «ក្មេង​ជំនាន់​នេះ​កំពុង​តែ​បាត់បង់​កុមារ​ភាព​មុន​ពេល​វេលា ដោយ​សារ​ភាពយន្ត​អាសអាភាស​ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ព្រៃ​ផ្សៃ និង​អំពើ​ហិង្សា»៕

Comments are closed, but trackbacks and pingbacks are open.